(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងលេីកទឹកចិត្ត ព្រមទាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន កុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡា ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កុមារទាំង ៣នាក់នោះ រស់នៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មាន ឈ្មោះ ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ឈ្មោះ សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, និងឈ្មោះ ឈិន ភារម្យ អាយុ ៩ឆ្នាំ ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ខាងលេីនេះ ដែលមានឆន្ទៈស្រឡាញ់កីឡា ហេីយហ៊ានចូលរួមប្រកួតទោះដឹងថាខ្លួនមានត្រឹមតែកង់កញ្ចាស់ មិនថ្មីដូចគេ ហើយខោអាវចាស់ៗ អត់មួក ខ្លះក៏អត់ស្បែកជើង តស៊ូការលំបាក យកជ័យជំនះ។
លោកស្រី បានពាំនាំនូវការលេីក ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ នេះ ជាគំរូមួយដល់កុមារ និងយុវជនដទៃទៀត
ដែលស្រឡាញ់វិស័យកីឡា ប្រសេីរជាងទៅប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម ។
ទន្ទឹមនឹងនេះ លោកស្រីក៏បានបន្តជំរុញលើកទឹកចិត្ត ដល់កុមារខាងលើនេះ ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ដេីម្បីអនាគតភ្លឺស្វាង ។ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំង៣នាក់ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងផ្តល់ការសន្តោសប្រណី ។ លើសពីនោះពួកគាត់ ក៏បានប្តេជ្ញាអនុវត្តតាមការ ទូន្មានរបស់ មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ធ្វេីជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
សូមជម្រាបថា ដេីម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់ គ្រួសារកុមារនីមួយៗដោយទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស , ត្រីខ ២០កំប៉ុង , ឃីត ១ (មុង ភួយ សារុង ក្រមា អាវយឺត) , អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០,០០០រៀល៕