(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។
ដោយឡែកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានពិនិត្យធ្វើតេស្តចំនួន ១១៩៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ចំណែកវត្ថុសំណាកវិភាគចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០បន្តទៀត។
គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៧៦២ វត្ថុ សំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់ (ស្រី០២នាក់ និងបុរស ១១នាក់)៕