(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងទៅធ្វើតេស្តរកកូវីដ១៩លើកទី៤ ឲ្យបានគ្រប់គ្នា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីធ្វើឲ្យប្រាកដថា ខ្លួនមិនឆ្លងជំងឺនេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ការបន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវរបស់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា មានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩ នៅក្នុងសហគមន៍។
គិតមកដល់ពេលនេះ អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ទទួលបានលទ្ធផល នៃការធ្វើតេស្តអវិជ្ជមាន។ លោកស្រីបន្ថែមថា នេះជាលទ្ធផលដ៏ល្អ ប៉ុន្តែដើម្បីឲ្យប្រាកដថា អ្នកពាក់ព័ន្ធទាំងអស់មិនឆ្លងជំងឺនេះ សូមអ្នកពាក់ព័ន្ធទាំងអស់ ទៅធ្វើតេស្តលើកទី៤ ឲ្យបានគ្រប់ៗគ្នា។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងតាមការអំពាវនាវ របស់ក្រសួងសុខាភិបាល ក៏ដូចជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមឲ្យបន្តធ្វើចត្តាឡីស័កនេះ ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ ក៏ដូចជាធ្វើតេស្តឲ្យបាន គ្រប់ចំនួនតាមការកំណត់ របស់ក្រសួងសុខាភិបាល»។
គួរជម្រាបថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគរបស់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣វិច្ឆិកាមាន ៣៧៦២ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់ (ស្រី០២នាក់ និងបុរស ១១នាក់)៕