(ភ្នំពេញ)៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ រួមគ្នា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា រូមជាមួយស្រីបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។ ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនកិច្ចប្រជុំថា ការកសាងសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើង ក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តភាព នៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹង សង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឲ្យបាន នូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។
ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់ គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវ បំណងប្រាថ្នារយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលចង់ឲ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿង ភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
ទន្ទឹមនេះ ក្របខ័ណ្ឌថវិកាឆ្នាំ២០២១ ក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមក ប្រកបដោយភាពជាម្ចាស់ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីជម្នះ និងទប់ទល់ពីផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗ ទៀតទាំងក្នុង និងក្រៅប្រទេស ដើម្បីកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។
តំណាងរាជរដ្ឋាភិបាល បានបន្តថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាត នៃជំងឺកូវីដ-១៩ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវ កំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ-១៩ បានស្រាកស្រាន្ត ហើយអាចប្រសិទ្ធនាមបានថាជា «ថវិកាប្រយុទ្ធការពារ អាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន»។
ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ តំណាងរាជរដ្ឋភិបាល បានលើកឡើងថា គឺជារៀបចំឡើងតាមគោលនយោបាយ ពង្រឹងការគ្រប់គ្រងថវិកា ក្នុងគោលដៅដោះស្រាយឲ្យបានជាសារវ័ន្ត នូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹង អាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្ដល់នូវការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោត នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសពីការអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
តំណាងរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ថវិកាឆ្នាំ២០១៩ គឺពិតជាបានដើរតួនាទីជាឧបករណ៍ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ក្នុងការរក្សាការពារ និងពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងពេលកន្លងមក ក៏ដូចជាក្នុងការបុកគ្រឹះសម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត៕