(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹក ជំនាន់ទី៨ ដល់នាយទាហាន ពលទាហានចំនួន ៥៣៦នាក់ នៅទីបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស៩១១ បានគូសបញ្ជាក់ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គនេះថា បញ្ជាការដ្ឋានទ័ពពិសេស៩១១ ក្រោយពីទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អង្គភាពបានដំណើការបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ ដែលមានសិក្ខាកាមមកពីនាយទាហានទ័ពជើងគោក, នាយទាហានក្នុងបញ្ជាការដ្ឋានទ័ពពិសេស៩១១ និងនាយទាហានមកពីបញ្ជាការដ្ឋានជាតិ ប្រឆាំងភេរវកម្ម រួមនឹងគ្រូបង្វឹក អ្នកបម្រើការ ចូលហ្វឹកហ្វឺនសរុប ៣៣៤នាក់ ហ្វឹកហ្វឺនរយៈពេល២ខែ លើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ, ហ្វឹកហ្វឺនយោធា និងជំនាញឆត្រយោង និងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលឯកទេសមុជទឹកជំនាន់ទី៨ មានសិក្ខាកាមនាយទាហានមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយទាហានក្នុងបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមនឹងគ្រូបង្វឹក និងអ្នកបម្រើការចូលហ្វឹកហ្វឺនសរុប ២០២នាក់ ប្រើរយ:ពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ, ហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ និងសុខាភិបាល។
ថ្លែងទៅកាន់សិក្ខាកាមនាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានទ័ពពិសេស៩១១ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុលមួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។
នាយឧត្ដមសេនីយ៍ បានរម្លឹកដល់ដល់ថ្នាក់ដឹកនាំ ពិសេសនាយ ពលទាហាន ដែលជាសិក្ខាកាមទាំងអស់ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្រាប់សិក្ខាកាមត្រូវយកទុកដាក់ខិតខំរៀនសូត្រនៅជំនាញ ដើម្បីពេលបញ្ចប់វគ្គមានទាំងចំណេះដឹង ចំណេះធ្វើ ដែលអាចបម្រើឱ្យភារកិច្ចការពារជាតិមាតុភូមិយើង។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រ ចេញពីការបោះឆ្នោតដោយឆន្ទះរាស្ត្រ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។
បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើបន្ថែមដល់នាយ ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងការងារដកស្ទូង ច្រូតកាត់ ប្រមូលផលផងដែរ៕