(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គមបានផ្ទុះនូវការចែកចាយ ក៏ដូចជាការកោតសរសើរដល់កុមារ៣នាក់ ដែលមានជីវភាពក្រីក្រ យកកង់ចាស់របស់ខ្លួន ចូលរួមក្នុងកម្មវិធីប្រណាំងជាមួយគេឯង។ កុមារទាំង៣រូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចាត់ទុកជាគំរូមួយសម្រាប់អ្នកដ៏ទៃថា មិនបោះបង់គោលដៅរបស់ខ្លួន ព្រោះតែជីវភាព។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានផ្ដល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកុមារទាំង៣រូប និងអាណាព្យាបាល។ ក្នុងនោះ លោកបណ្ឌិត លី ឆេង បានផ្តល់អាហារូបករណ៍១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ។
លោកបណ្ឌិត លី ឆេង បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឲ្យបានខ្ពស់ ថ្ងៃនេះ អ៊ុសូមផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ»។
កុមារទាំង៣រូបនេះ ទី១៖ឈ្មោះ ប៉ិច ធារ៉ា អាយុ១៣ឆ្នាំ, ទី២៖ឈ្មោះ សុវណ្ណ សាលី អាយុ១៣ឆ្នាំ និងទី៣៖ឈ្មោះ ឆុន ភារម្យ អាយុ៩ឆ្នាំ។
ជាមួយគ្នានេះ លោកបណ្ឌិត លី ឆេង ក៏បានកោតសរសើរក្មួយៗ បើទោះបីជាជិះកង់ចាស់មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏មិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺបានខិតខំប្រឹងប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។
លោកបន្ដលើកទឹកចិត្តកុមារទាំង៣រូបនេះ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។
ទន្ទឹមគ្នានេះ លោកបណ្ឌិត លី ឆេង ក៏បានអំណរគុណ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលកុមារទាំង៣នាក់ មានឱកាសបានទទួលអាហារូបករណ៍នាពេលនេះ៕