(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីចុះបញ្ជីនៅផ្សារភាគហ៊ុនជាមួយគណៈកម្មការមូលបត្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីអន្ដរជាតិ សំដៅកសាងតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យកាន់តែរីកចម្រើនឈានឡើង។ នេះបើតាមលោក ឈិន ជាំងកាង (CHEN JIANGANG) ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ការបញ្ជាក់របស់ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខាងលើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ឈិន ជាំងកាង បានថ្លែងយ៉ាងដូច្នេះថា «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំឯកសារចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ដើម្បីបង្កើនការទាក់ទាញវិនិយោគបន្ថែមពីអន្ដរជាតិ ពិសេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក សំដៅប្រមូលធនធានអន្ដរជាតិ យកមកកសាងអភិវឌ្ឍបន្ថែម»

ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានស្នើសុំឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួយគាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនកម្ពុជានេះផងដែរ ដើម្បីជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុក្លាយទៅជាឧទ្យានអន្តរជាតិ របស់សម្ដេចតេជោ ហ៊ុន សែន។

លោក ឈិន បានបន្តថា បន្ទាប់ពីចុះបញ្ជីក្នុងផ្សារភាគហ៊ុនកម្ពុជា រួចរាល់ហើយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តរៀបចំចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ថែមទៀតផង។

តបនឹងសំណើខាងលើនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ពីការគាំទ្រភ្លាមៗ ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងរៀបចំចូលផ្សារភាគហ៊ុនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងកាន់តែមានការអភិវឌ្ឍខ្លាំង នាពេលខាងមុខ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជា និងនៅហុងកុង។

ទន្ទឹមនឹងនោះ លោក ឈិន ជាំងកាង បានលើកឡើងថា រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់ នាពេលខាងឆាប់ៗខាងមុខ ហើយលោកថែមទាំងបានអញ្ជើញឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចូលរួមក្នុងពិធីសម្ពោធរោងចក្រនេះផងដែរ។

ជាមួយនឹងក្ដីត្រេកអរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយតបវិញថា លោកនឹងចូលរួមពិធីសម្ពោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីកុំឱ្យរាំងស្ទះដំណើការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ។

សូមជម្រាបថា បច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគសរុបទាំងអស់ ១៦៥ ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារដល់កម្មករនិយោជិតប្រមាណ ៣០,០០០ កន្លែង។ ក្រុមហ៊ុនក៏បានកសាងអគារស្នាក់នៅចំនួន ៦ ខ្នង សម្រាប់ឱ្យកម្មករនិយោជិតប្រមាណ ៣,០០០ នាក់ស្នាក់នៅផងដែរ។

ចាប់ពីខែមករាដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប ១,៣០០ លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕