(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌបឹងកេងកងដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង, លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ និងប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីក្រោមឱវាទបានចូលរួមជាច្រើននាក់ទៀតផងដែរ។
លោក ធឹម សំអាន បានឲ្យដឹងថា ការចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកជូនដល់ដៃប្រជាជននៅក្នុងមូលដ្ឋាន និងនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង និងដងផ្លូវនានា ដែលពួកគាត់ធ្វើដំណើរ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌបានបន្តថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតនៅក្នុងឱកាស ចែកជូនម៉ាស់នេះ, លោក ថេង សុថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានញឹកញាប់, ពាក់ម៉ាស់ការពារឲ្យបានជាប់ជាប្រចាំ និងត្រូវកាត់បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អភិបាលរាជធានី បានណែនាំឲ្យរដ្ឋបាលខណ្ឌ បន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ តាមសហគមន៍ក្រីក្រ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ ប្រជាពលរដ្ឋ ដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា។ ដូចនេះសូមបងប្អូនប្រជាជនចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕