(ឡាវ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវថា កម្ពុជា និងឡាវមានចំណងមិត្តភាពជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។
ការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងសម្តេចតេជោ នាំយកបវិក្ខារពេទ្យការពារប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ ប្រគល់ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងច័ន្ទ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជា និងឡាវមានចំណងមិត្តភាពជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណា និគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ»។
សម្តេចពិជ័យសេនា បានជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការវាងប្រជាជាតិយើង នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
សម្តេចពិជ័យសេនា បានចាត់ទុកថា ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ។
សូមបញ្ជាក់ថា ដើម្បីចូលរួមជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ ក្នុងនាមជាប្រទេសជិតខាង នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវបវិក្ខារពេទ្យជាច្រើន ដែលក្នុងនោះរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕