(ភ្នំពេញ)៖ លោក ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ថា នេះជាកាយវិការឆ្លុះបញ្ចាំងអំពី ចំណងមិត្ដភាពដ៏ជិតស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរដែលកាន់តែស៉ីជម្រៅ និងប្រកបដោយផ្លែផ្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រគល់ជូន លោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវរួចហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អំណោយទាំងនេះ ត្រូវបានដឹកតាមយន្តហោះពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាសារលិខិតទាំងស្រុងរបស់ លោក ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលបានផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន៖