(ភ្នំពេញ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម បសុព្យាបាលខេត្តតាកែវ និងមានការចូលរួមពីលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចុះពិនិត្យស្ថានភាពជំងឺសត្វគោ និងចាក់ថ្នាំព្យាបាលសត្វគោ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីគោរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានឈឺ និងងាប់ដោយសារជំងឺ។
របាយការណ៍របស់អាជ្ញាធរស្រុកបានបញ្ជាក់ថា ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺសត្វគោរបស់ប្រជាពលរដ្ឋនេះ ក្រុមការងារពិនិត្យលើសត្វគោសរុប ៤១៦ក្បាល ចាក់ថ្នាំការពារ និងព្យាបាលបានចំនួន២៤០ក្បាល ហើយបានផ្តល់ថ្នាំប្លឺមេទីឡែន ទុកព្យាបាលរបួសចំនួន៦០ដប ស្មើ៣០០លីត្រផងដែរ។
ក្នុងឱកាសនោះប្រជាពលរដ្ឋក្នុងភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យផលិតកម្មបសុព្យាបាលខេត្តតាកែវ រួមទាំងអាជ្ញាធរទាំងអស់ ដែលបានយកចិត្តទុកដាក់ចុះជួយពិនិត្យ ព្យាបាលជំងឺគោរបស់ប្រជាពលរដ្ឋនៅពេលនេះ៕