(ភ្នំពេញ)៖ ពាក្យថា «អរគុណសន្តិភាព និងអរគុណសម្ដេចតេជោ» នៅតែបន្លឺឡើងព្រមៗគ្នា ដែលមិនអាចកាត់ថ្លៃបានចេញពីកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ចំនួន៥០នាក់ បន្ទាប់ពីពួកគេ ទទួលបានការលើកទឹកចិត្តជួយជាសម្ភារសម្រាប់ប្រើប្រាស់បំពេញភារកិច្ច និងគ្រឿងឧបភោគបរិភោគ ពីអភិបាលខណ្ឌ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
នាឱកាសសំណេះសំណាល និងលើកទឹកចិត្តដោយផ្ដល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ៥០នាក់ ពីសំណាក់អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានេះ ក៏មានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, ប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ និងមន្រ្តីរាជការខណ្ឌ ផងដែរ។
លើកឡើងក្នុងឱកាសឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគនេះ ក្រៅពីលើកទឹកចិត្ត, លោក ជា ពិសី បានថ្លែងអំណរគុណចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលតែងតែបានយកចិត្តទុកដាក់ស្ដាប់តាមការណែនាំជានិច្ចរបស់ថ្នាក់លើ ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។
សូមជម្រាបថា លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានឧបត្ថម្ភជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ទាំង៥០នាក់នាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន សម្លៀកបំពាក់កងកម្លាំងមួយសម្រាប់ ស្បែកជើងកងកម្លាំងមួយគូរ និងអង្ករ១០គីឡូក្រាម៕