(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ។
ការឃាត់ខ្លួននេះធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាមចាស់ ផ្លូវបេតុង ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកអត់លុយ) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១១៦៦ «ខ» ដ.ច.ន ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ចៅ ទូច ហៅ ម៉ៅ ភេទ ស្រី អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៣B ផ្លូវBT៨៥ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅការិយាល័យ ត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕