(មណ្ឌលគិរី)៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា អ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
ដើមឈើថ្មីទាំងពីរប្រភេទ ដែលអ្នកស្រាវជ្រាវបានរកឃើញនេះ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀត ត្រូវបានដាក់ឈ្មោះថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយក តាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។
អង្គការ WCS ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ទោះបីជាអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្ស ធម្មជាតិ ហៅកាត់ថា IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះ ចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទ រុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះ តែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន។
ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ដែនជម្រកសត្វព្រៃកែវសីមា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន២០ប្រភេទ កំពុងឈានទៅរកការផុតពូជជាសកល និងចំនួន៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាល ព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។
សូមបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវ ក៏បានពិពណ៌នាផងដែរ អំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និង ដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់ ត្រូវបានរក្សាទុកនៅឯបន្ទប់រក្សាសំណាក ជីវចម្រុះរបស់រដ្ឋបាលព្រៃឈើ៕