(កំពង់ចាម)៖ ថ្ងៃដំបូងនៃការចុះអនុវត្តន៍ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកនាំផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៩គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រ ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ។ ក្រុមការងារក្រសួងបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥% ទៅ ២០% និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិត កំណត់ លើសពី ២០%។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដឹកលើសទម្ងន់ កម្រិត កំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿងដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យនិងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់។
ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានពន្យល់ណែនាំដល់ម្ចាស់រថយន្ត អំពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរ ទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ ចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
គួរបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះ យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការ រឹតបន្តឹងនេះ បានចាប់អនុវត្តពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ៕