(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី ដែលបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្តែងការកោតសរសើរ គណបក្សនយោបាយចំនួន៣ ដែលបានរួមគ្នាចង «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ដើម្បីចូលរួមជួយកែលម្អសង្គម។
តាមរយៈបណ្តាញសង្គម Facebook លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ សូមគោរពសរសើរ ចំពោះគណបក្សនយោបាយបី ដែលថ្មីៗ ប្រកាសធ្វើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ និងសូមជូនពរអោយគំនិត និងដំណើរ របស់សម្ព័ន្ធភាព បានរីកចម្រើនដូចបំណងប្រាថ្នា»។
គណបក្សចំនួន៣ ដែលក្នុងនោះមានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយរបស់ប្អូនលោកបណ្ឌិត កែម ឡី នាថ្មីៗនេះ បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ដើម្បីចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» នេះ មានលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាប្រធាន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិជាអនុប្រធាន និង លោក កែម រឹទ្ធិសិត ជាសមាជិក បូករួមទាំងសមាសភាពអ្នកនយោបាយមួយចំនួនទៀត។
ជាបេសកកម្មរបស់ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ត្រូវបានលោក ម៉ម សូណង់ដូ អះអាងថា នឹងដើរតួជាភ្នែកជាច្រមុះ ពិនិត្យ និងស្រាវជ្រាវអំពីករណីអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ហើយផ្តល់ព័ត៌មានទៅដល់រាជរដ្ឋាភិបាល តាមមធ្យោបាយផ្សេងៗ។ លោកស្វាគមន៍ចំពោះការចូលរួមរបស់សមាជិក មកពីគណបក្សផ្សេងៗទៀត បើសិនជាពួកគេទទួលយកលក្ខន្តិកៈរបស់ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ៕