(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា។ នេះបេីតាមលិខិតសម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានបញ្ជាក់ថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ»។
សម្តេចបានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្ស NLD។
សម្តេចថ្លែងថា «ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍជាតិ»។
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា មានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។
សម្តេចតេជោអះអាងថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែល មានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ាន ទាំងមូល៕
ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖