(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកអំណោយផ្ដល់ជូនជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសារក្រីក្រចំនួន ១៦៤គ្រួសារ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលពិបាកក្នុងការ ចេញទៅរកស៊ីទទួលទាន នារដូវវស្សាកន្លងមក។

ថ្លែងក្នុងឱកាសនោះលោក ម៉ៅ ធនិន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្ដីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដល់ការរកស៊ីទទួលទាន នារដូវវស្សាកន្លងមក។ លោកថា «ជាការពិតណាស់ថា ក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ដែលដឹកនាំដោយ ឯកឧត្តម កែវ រតនៈ ជាប្រធាន លោកតែងរមែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ជាក់ស្តែងប្រជាពលរដ្ឋនៅក្នុងឃុំរាំងទិល នេះផ្ទាល់តែម្តង»។

លោកក៏បានណែនាំដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបកណ៍ល្មើសច្បាប់នានា និងមានវិធានការការពារ ថែរក្សាមច្ឆជាតិទាំងអស់គ្នា ដើម្បីកំណើនត្រីកើនឡើង សម្រាប់ទៅថ្ងៃអនាគត។ លោកបានលើកទឹកចិត្តដល់ពុកម៉ែប្រជាពលរដ្ឋ ត្រូវចូលរួមសហការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសជលផល ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងព័ត៌មានសរុប ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងត្រូវយកចិត្តទុក ដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អប្រសើរ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

នាឱកាសនោះលោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំងប្រតិភូ ក៏បានចែកអំណោយផ្ទាល់ដៃ ជូនដល់ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសារក្រីក្រ ចំនួន១៦៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេសតូច ទឹកស៊ីអ៊ីវ៦ដប ខោអាវមួយកំផ្លេ ថ្នាំពេទ្យ១កញ្ចប់ ភួយ១ និងសារុង១ផងដែរ៕