(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹង ពីការសម្រេចលុបអាជ្ញាបណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ។
អាជ្ញាបណ្ណទាំងនោះរួមមាន ១៖ អាជ្ញាបណ្ណសេវាសំឡេងតាមរយៈពិធីការអ៉ីនធឺណិត, ២៖ អាជ្ញាបណ្ណសេវាទូរសព្ទចល័ត 4G និង ៣៖ អាជ្ញាបណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។
ជាមួយគ្នានេហ ក្រសួងនឹងរក្សាទុកអាជ្ញាបណ្ណសេវាអ៉ីនធឺណិត (ISP) ឱ្យក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុនសងបំណុលដែលជំពាក់រដ្ឋ។
គួរបញ្ជាក់ថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ។
ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាបណ្ណ របស់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដូចជាមិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុនិងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម។
ជាមួយគ្នានេះ ក្រសួងជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តឱ្យបានពេញលេញតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ៕