(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិក នៃក្រុមសម្តេចឪ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ដល់កូនចៅ ចៅទួត របស់ព្រះអង្គ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សកម្មភាពសម្តេចចៅហ្វាវាំង គង់ សំអុល បានធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង, ព្រមទាំងមន្ត្រីសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមទទួលស្វាគមន៍ ចំពោះវត្តមានសម្តេចចៅហ្វាវាំង ព្រះរាជតំណាង និងការចូលរួមអបអរសាទរចំពោះសកម្មភាពដ៏ប្រពៃរបស់ក្រុមសម្តេចឪ ពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
សូមបញ្ជាក់ជូនថា ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចឪ សម្តេចម៉ែ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុង សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪសម្តេចម៉ែភ្នំសំពៅ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននៅឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។ ដោយព្រះរាជសមិទ្ធិផលនេះ មានសភាពចាស់ឌ្រុបឌ្រោម មិនអាចឲ្យសិស្សានុសិស្សដំណើរការរៀនសូត្រ តទៅមុខទៀតបាននោះ សម្តេចព្រះមហាក្សត្រីមានព្រះរាជតម្រិះ ប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងមន្ត្រីក្រុមសម្តេចឪ ធ្វើការកសាងអគារសិក្សាថ្មី នៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្រ្តនិយម។
ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មី ព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាននូវការសាងសង់តាមរយៈក្រុមសម្តេចឪ នៅក្នុងពេលនេះ មានអគារធ្វើអំពីបេតុងចំនួន១ខ្នង ២ជាន់ស្មើនឹង២០បន្ទប់ ក្នុងនោះបណ្តោយប្រវែង៩៤,៥៦ម៉ែត្រ ទទឹង៩ម៉ែត្រ។ អគារនេះ ត្រូវបានរៀបចំជាថ្នាក់រៀនចំនួន១៥បន្ទប់ និង៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។ ក្រៅពីនេះបានសាងសង់ព្រះរាជសមិទ្ធិផល មានអាងទឹកមួយកន្លែងកម្ពស់៨ម៉ែត្រ ចំណុះ៩០០០លីត្រ បង្គន់អនាម័យ១ខ្នង ស្មើនឹង៦បន្ទប់ទៀតផង។ ក្រុមសម្តេចឪ បានចាប់ផ្តើមកសាង ព្រះរាជសមទ្ធិផលដ៏ថ្លៃថ្លានេះ ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានលទ្ធផល ប្រមាណ៨០%ហើយ។
ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយដែលព្រះអង្គ បានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត នៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាតអគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេន ធានារ៉ាប់រង ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ។
ការប្រោសព្រះរាជទាននូវអគារសិក្សាព្រមទាំងព្រះរាជសមិទ្ធិផលព្រះរាជអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪសម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានធ្វើឲ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រ ជាកូនចៅ ចៅទួត នៅក្នុងមូលដ្ឋាន មានសេចក្តីត្រេកអរ ដោយឥតឧបមា សូមថ្លែងអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី និងសូមថ្វាយព្រះពរ ព្រះអង្គបានសមប្រកបតែនិង សិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៏ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ ដ៏ត្រជាក់សុខសាន្ត ចម្រើនរុងរឿង ដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕