(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រក្រជាងគេ នៅលើពិភពលោក តែជាព្រះមហាក្សត្រ ដែលមានទឹកព្រះទ័យមនុស្សធម៌ មហាសាល សម្រាប់ប្រជាពលរដ្ឋកម្ពុជាយកជាគំរូ។
ការមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់ «មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ ព្រះមហាក្សត្រដែលក្រជាងគេ គឺព្រះមហាក្សត្រកម្ពុជា ប៉ុន្ដែក៏ជាព្រះមហាក្សត្រ ដែលមានព្រះទ័យមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ គឺធំទូលាយមហាសាល ដែលកូនចៅប្រជាពលរដ្ឋ មន្ដ្រីរាជការរបស់យើងយកគំរូ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ព្រះមហាក្សត្រ ជាអ្នកនាំមុខគេ ក្នុងការប្រោសប្រទាន ព្រះរាជទ្រព្យជាថវិកា ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19)។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ក្រោយពីការប្រោសប្រទាន របស់ព្រះមហាក្សត្រ ក៏មានឧកញ៉ាៗមួយចំនួន បានចូលជាបន្ដបន្ទាប់ ដែលធ្វើឲ្យថវិកាឡើង រហូតដល់ជាង១៩លានដុល្លារ ហើយបានចាយអស់១១លានដុល្លារ នៅសល់៨លានដុល្លារ នឹងកំពុងបញ្ជាទិញ សម្ភារមកបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងកូវីដ-១៩។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ប្រទេសខ្លះ ប្រធានាធិបតីចេញក្រឹត្យ កាត់ប្រាក់ខែមន្ដ្រីរដ្ឋការ ប៉ុន្ដែសម្រាប់កម្ពុជា គ្រាន់តែប្រកាសភ្លាម មន្ដ្រីកម្ពុជារាប់ម៉ឺននាក់ បានចូលរួមបរិច្ឆាគប្រាក់ ខណៈមកដល់ពេលនេះ សរុបប្រមាណ៤២ពាន់លានរៀល ស្មើនឹងជាង១០លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ដែលទទួលបានពីការបរិច្ឆាគ របស់មន្ដ្រីរាជការរបស់កម្ពុជា ទាំងអស់នេះ មិនទាន់បានប្រើនៅឡើយទេ។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជ មាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសប្រទានព្រះរាជទ្រព្យ ប្រមាណជិត៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩៕