(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បណ្តឹងបរិហារកេរ្តិ៍របស់សម្តេចនៅប្រទេសបារាំង ត្រូវបានកំណត់ថ្ងៃសវនាការរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯណោះ។
ថ្លែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពាក្យបណ្តឹងរបស់សម្តេចប្រើប្រាស់ពេលវេលា សម្រាប់ដំណើរការជាង៣ឆ្នាំឯណោះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានជនបរទេសមួយចំនួនថា នីតិវិធីដំណើរការរឿងក្តីរបស់តុលាការកម្ពុជាមានភាពយឺតយ៉ាវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការសំណុំរឿងរបស់សម្តេចនៅតុលាការបារាំង ក៏ត្រូវការពេលរាប់ឆ្នាំ ដូច្នេះមិនគួរមិនគួរមានការលើកឡើងថា ដំណើរការសំណុំរឿងនៅកម្ពុជាយូរបែបនេះ ឬបែបនោះទេ។ សម្តេចតេជោ បានបន្ថែមថា គ្មាននរណាមិនសិទ្ធិទៅបង្ខំតុលាការនោះឡើយ ហើយបើតុលាការនៅបារាំងគេមិនអាចបង្ខំបាន នៅកម្ពុជាក៏គ្មាននរណាទៅបង្ខំតុលាការបាននោះដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងក្តីខ្ញុំនៅបារាំងតុលាការកំណត់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ នែក! គ្រាន់តែជាបណ្តឹងបរិហារកេរ្តិ៍ ប្តឹងតាំងពីឆ្នាំ២០១៩ តុលាការទើបកំណត់ថ្ងៃសវនការ នៅម៉ោង ១៖៣០នាទី។ អញ្ចឹងរឿងអី ដែលពួកបរទេសនានាមកនិយាយថា ឲ្យការកាត់ក្តីលើសំណុំរឿងមួយចំនួន នៅភ្នំពេញឲ្យបានឆាប់។ យើងទៅបង្ខំតុលាការម៉េចកើត បើយើងគ្មានលទ្ធភាពទៅបង្ខំតុលាការនៅបារាំងទេ គេក៏គ្មានលទ្ធភាពមកបង្ខំតុលាការនៅភ្នំពេញដែរ»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានឈ្នះក្តីពីកាសែតហ្វីការ៉ូ នៅទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩៧ ដោយទទួលបានថវិកាសំណង ៥ម៉ឺនហ្វ្រង់ តែចំណាយ ១សែន ២ម៉ឺនហ្វ្រង់។
សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២០ ពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្តឹងលោក សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង៕