(កណ្ដាល)៖ គ្រូបង្ហាត់កីឡាសាច់ដុំម្នាក់ ត្រូវចោរមួយក្រុមស្ទាក់ប្លន់ម៉ូតូបានសម្រេច ក្រោយចេញពីបង្រៀននៅកន្លែងហាត់ប្រាណ នៅរាជធានីភ្នំពេញ ត្រឡប់ទៅខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៉ី សា អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមគ្នា៩នាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាល បណ្ដាលឲ្យដួលនៅលើផ្លូវជាតិ។
ពេលនោះបក្ខពួកជនសង្ស័យកំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ច កំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើត តាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នា ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបានតែម្ដង។
ជនសង្ស័យទាំង៩នាក់នោះរួមមាន ទី១៖ ឈ្មោះ កើត គឹមអៀង អាយុ១៩ឆ្នាំ (គេចខ្លួន) ជាមេក្លោង និងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន, ទី២៖ឈ្មោះ ធី រដ្ឋា ហៅតឿ, ទី៣៖ ឈ្មោះ ហេង រ៉ាយុទ្ធ, ទី៤៖ ឈ្មោះ ឃីម ប្រាកដ, ទី៥៖ឈ្មោះ កែវ ចាន់ដារ៉ា, ទី៦៖ឈ្មោះ ស៊ុ ពិសា, ទី៧៖ឈ្មោះ ឡេង តុង, ទី៨៖ឈ្មោះ ជ្រឹង វេហា និងទី៩៖ឈ្មោះ អៀម សម្បត្តិ។
ក្នុងនោះដកហូតបាន ម៉ូតូចំនួនបីគ្រឿង រួមមាន Honda Dream ឆ្នាំ២០១៤ ពាក់ផ្លាកលេខ1CY-0166, ឆ្នាំ២០១៨ ពាក់ផ្លាកលេខកំពង់ស្ពឺ1M-8937 និងម៉ូតូម៉ាកស្កុបពី ឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្ដាល1V-3578, ទូរស័ព្ទចំនួនបីគ្រឿង និងម៉ូតូមួយគ្រឿង ម៉ាក Honda Dream ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FP-2656 (ជារបស់ជនរងគ្រោះយកបានមកវិញ)។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននឹងបក្ខពួកបាននាំគ្នា ចាំធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះ ជិះម៉ូតូមកពីទិសខាងកើត ក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ និងគំរាមយកម៉ូតូប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕