(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ អេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចពិភាក្សាស្ដីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ ក្រោមប្រធាបទ៖ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា»។
ពិធីនេះបានប្រព្រឹត្ដទៅនៅសាលប្រជុំ A នៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញជាអធិបតីភាពដោយ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អនុប្រធានក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ដ្រីក្រុមការងារជាច្រើនរូបទៀត។
លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានបញ្ជាក់ថា «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជារៀងរាល់ឆ្នាំ សម្ដេចតែងតែចូលរួមក្នុងកម្មវិធីអេដស៍ និងចេញជាសារលិខិតអំពាវនាវ រួមទាំងអប់រំដោយផ្ទាល់ដល់ពលរដ្ឋ ពីវិធានការពារជំងឺអេដស៍ និងសុខភាពសាធារណៈ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅគ្រប់ទីកន្លែង ទូទាំងប្រទេស»។
លើសពីនោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ថ្លែងបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែជំរុញលើកទឹកចិត្ដដល់មន្ដ្រីក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្លើយតប និងពន្លឿនការសម្រេចបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍ទាំងស្រុង នៅឆ្នាំ២០២៥ខាងមុខនេះ។
លោកស្រីកិត្ដិបណ្ឌិត បានគូសបញ្ជាក់ថា «ដើម្បីកាត់បន្ថយទាំងស្រុងក្នុងឆ្នាំ២០២៥ គឺចាំបាច់ណាស់ អ្នកដែលកើតជំងឺអេដស៍នេះត្រូវជាអនុវត្ដន៍មុនគេ គឺមិនត្រូវចម្លងបន្ដទៅក្រុមគ្រួសារ និងអ្នកដទៃ ជាពិសេសគ្រប់ពេលរួមភេទ ត្រូវតែប្រើប្រាស់ស្រោមអនាម័យ១០០%»។
តាមប្រភពពីអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកផ្ទុកមេរោគអេដស៍ទូទាំងពិភពលោកចំនួន ៣៨លាននាក់ ហើយក្នុងចំណោមនេះ គឺមានតែ ២៥.៤លាននាក់ប៉ុណ្ណោះ ដែលបានទទួលឱសថប្រឆាំងមេរោគអេដស៍។
ចាប់តាំងពីមានការរីករាលដាលនៃមេរោគអេដស៍ទូទាំងពិភពលោក មកទល់នឹងពេលនេះ គឺមានមនុស្សប្រមាណ៧៥.៧លាននាក់ ដែលបានឆ្លងមេរោគអេដស៍ និងមានមនុស្សចំនួន៣២.៧លាននាក់ ដែលបានបាត់បង់ជីវិត។ មានអ្នកផ្ទុកមេរោគអេដស៍ដែលបានបាត់បង់ជីវិតក្នុងឆ្នាំ២០១៩កន្លងមកប្រមាណ៦៧ម៉ឺននាក់ និងមានអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ១.៧លាននាក់។
ដោយឡែកសម្រាប់កម្ពុជា តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាមានអ្នកផ្ទុកមេរោគអដស៍ សរុបប្រមាណ ៧ម៉ឺន៣ពាន់នាក់ ហើយក្នុងចំណោមនេះមានតែចំនួន៦១,៩២៦នាក់ប៉ុណ្ណោះ (មនុស្សពេញវ័យចំនួន ៥៩,៦៤០នាក់ និងកុមារចំនួន២,២៨៦នាក់) ដែលកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ។ អត្រាផ្ទុកអេដស៍ក្នុងចំណោមមនុស្សអាយុពី ១៥ទៅ៤៩ឆ្នាំ បានធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ មកនៅត្រឹម ០.៥% នៅឆ្នាំ២០២០នេះ រីឯករណីឆ្លងមេរោគអេដស៍ថ្មីវិញ គឺមានប្រមាណ៧៤២នាក់ និងមានអ្នកទទួលមរណភាព ដោយសារជំងឺអេដស៍ ប្រមាណ៧២៦នាក់។
ទន្ទឹមនឹងភាពជោគជ័យដូចខាងលើនេះ កម្ពុជាក៏កំពុងមានការព្រួយបារម្ដផងដែរ ពីព្រោះថា កម្ពុជាកំពុងមានការកើនឡើងនូវចំនួន ក្រុមប្រឈមខ្ពស់ដែលឥឡូវនេះ មានចំនួនប្រហែល ជាង១០ម៉ឺននាក់៖
១៖ ក្រុមបុរសរួមភេទជាមួយបុរសមានអត្រាផ្ទុកមេរោគអេដស៍ ៤% និងកាមរោគ ១៤.៥% (ការសិក្សាឆ្នាំ២០១៩)។
២៖ ក្រុមបំប្លែងភេទ មានអត្រាផ្ទុកមេរោគអេដស៍៩៦% និងកាមរោគ ២៥.៥% (ការសិក្សាឆ្នាំ២០១៩)។
៣៖ ក្រុមចាក់គ្រឿងញៀន មានអត្រាផ្ទុកមេរោគអេដស៍ ១៥.២% និងកាមរោគ៥.២% (ការសិក្សាឆ្នាំ២០១៧)។
៤៖ ក្រុមស្ដ្រីបម្រើការនៅគ្រឹះស្ថានកម្សាន្ដសប្បាយមនុស្សពេញវ័យ មានអត្រាផ្ទុកមេរោគអេដស៍៣.២% និងកាមរោគ១៨% (ការសិក្សាឆ្នាំ២០១៦)៕