(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រុមការងារបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាវេទិការបស់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។
លោករដ្ឋមន្ត្រីបន្តថា វេទិកានេះធ្វើឡើងក្នុងគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសក្នុងតំបន់ទាំងពីរ គឺអាស៊ី និងអឺរ៉ុប។
បើតាមលោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំកិច្ចប្រជុំទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុកនោះ ក្រសួងបានបង្កើតក្រុមការងារចំនួន៣រួមមាន៖ ១៖ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន, ២៖ ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣៖ ក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ ត្រូវបានបែងចែកជា៨ទៀត រួមមាន៖ ទី១៖ ក្រុមការងារសម្របសម្រួល, ទី២៖ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន, ទី៣៖ ក្រុមបង្ហាញផលិតផល និងតែងលម្អ, ទី៤៖ ក្រុមមន្ត្រីទំនាក់ទំនង, ទី៥៖ ក្រុមសិល្បៈ, ទី៦៖ ក្រុមសន្តិសុខ, ទី៧៖ ក្រុមដឹកជញ្ជូន, ទី៨៖ ក្រុមពិធីការ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ បច្ចុប្បន្ន ASEM មានដៃគូរចំនួន៥៣ ក្នុងនោះ ២១ប្រទេស មកពីអាស៊ី ៣០ប្រទេស មកពីអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហភាពអឺរ៉ុប។ លើសពីនេះ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្ដិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្ដិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រធានបទនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប បានសម្រេចកំណត់យកចំណងជើងថា «LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION»។ ក្រុមការងារក៏បានត្រៀម អញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិដែលជា CEO និង Moderator ដែលមានបទពិសោធន៍ មានកេរិ៍តឈ្មោះ និងទទួលជោគជ័យក្នុងអាជីវកម្មទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួនទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។
ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ក្រុមការងារក៏បានគិតគូរពីឧបករណ៍សុវត្ថិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់ក្រុមការងារនៅក្នុងគណៈកម្មការលេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំចំណាយពេលវេលាអស់រយៈពេលជាច្រើនខែ ដើម្បីត្រៀមរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កានៅពេលខាងមុខនេះ៕