(ភ្នំពេញ)៖ និស្សិតយោធាកម្ពុជា ៦០រូប មកពី៣ស្ថាប័ន គឺកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ដែលកំពុងបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានធ្វើដំណើរទៅទស្សនកិច្ច និងចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធពលីកម្ពុជា មានឈ្មោះថា ទីតាំងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងស្រុកកាមមី ខេត្តដុងណាយ ប្រទេសវៀតណាម។
សកម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយកងអនុសេនាតូចគ្រប់គ្រងសិក្ខាកាមអន្តរជាតិ របស់សាលាមធ្យមសិក្សាការពារព្រំដែនទី២ ខេត្តបារៀ ប្រទេសវៀតណាម។
នេះគឺជាការធ្វើទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តមួយ ដើម្បីឲ្យនិស្សិតយោធាទាំងនោះបានស្វែងយល់ប្រវត្តិសាស្រ្តកម្ពុជាជាច្រើន អំពីដំណើរការនៃការបង្កើតអង្គភាព១២៥ ដែលជាអង្គភាពដំបូងរបស់សម្ដេចតេជោ ហ៊ុន សែន និងអមដំណើរដោយសមមិត្ត៤រូបទៀត បានធ្វើដំណើរដោយយកជីវិតធ្វើជាដើមទុក ដើម្បីឈានដល់ការបង្កើតចលនាតស៊ូមួយ (អង្គភាព១២៥) ដែលជាអង្គភាពដំបូងនៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
ចលនានេះហើយ ដែលជាចំណុចចាប់ផ្ដើមដំបូងគេបង្អស់ នៃចលនានៃចលនាតស៊ូរបស់កម្ពុជា មុននឹងឈានដល់ការបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាចលនារួមរបស់ជាតិឆ្ពោះទៅកាន់ការរំដោះប្រទេស និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សិក្ខាមកាមទាំងអស់ ដែលកំពុងបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមគ្រប់ជំនាញបាន ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់សាលា ដែលបានបង្កើតទស្សនកិច្ចនេះឡើង។
ពួកគេថែមទាំងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានហ៊ានប្ដូរជីវិត និងយកជីវិតធ្វើជាដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ឃ្លាតពីក្រុមគ្រួសារ និងប្រទេសជាតិ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ឲ្យរួចផុតពីរបប ប៉ុល ពត៕