(ភ្នំពេញ)៖ វាជាជោគជ័យមួយសម្រាប់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលសាលាគោលដៅចំនួន៣៧សាលា នៅក្នុងចំណោមសាលារៀនគោលដៅចំនួន១០០ បានអនុវត្តយ៉ាង ជោគជ័យតាមស្តង់ដារ នៃ «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន» ដែលនឹងចូលរួមកាន់តែសកម្ម ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា ខណៈ៧០សាលាទៀត នឹងសម្រេចតាមការគ្រោងទុកឆាប់ៗនេះ។ នេះជាការឱ្យដឹងរបស់លោក ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
«កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន» នឹងចូលរួមកាន់តែសកម្ម ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា និងបានជួយឱ្យគរុនិស្សិតមានចំណេះដឹងជ្រៅជ្រះ មានបំនិនវិជ្ជាជីវៈកាន់តែច្បាស់លាស់ និងមានគោលដៅជីវិតរឹងមាំខ្លាំងក្លាថែមទៀត។
កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន បានបង្កើតឡើងដើម្បីជាការពង្រឹងសមត្ថភាពខ្លួនឯង និងសម្រាប់ជាការពង្រឹងដល់ការដឹកនាំ និងបង្រៀននៅក្នុងសាលារៀន។ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូង្រៀនទទួលបណ្តុះបណ្ដាលដោយមហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពេញ។ ចំណែក កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន ទទួលបណ្ដុះបណ្ដាលដោយមហាវិទ្យាល័យ អប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ព្រីង មរកត បានថ្លែងយ៉ាងដូច្នេះថា៖ «ជាគោលដៅយើងគិតជ្រើសរើសជួយនៅក្នុងកម្រិតអនុវិទ្យាល័យទេ ពីព្រោះដោយគម្រោងរបស់ធនាគារពិភពលោក បានផ្តោតជាពិសេស គឺសិស្សដែលឡើងពីថ្នាក់ទី០៦ ដូលមកសិក្សានៅថ្នាក់ទី០៧ អញ្ចឹងយើងជួយគាត់ឱ្យមានសមត្ថភាពបន្តសិក្សានៅវិទ្យាល័យបាន ប៉ុន្តែ នៅក្នុងសាលារៀនចំនួន១,៨០០សាលា នៃមធ្យមសិក្សាទូទាំងប្រទេស អញ្ចឹងយើងជ្រើសតែសាលាគោលដៅតែ ១០០ទេ […] ដែលមានសាលាវិទ្យារហូត៥០០ជាង ហើយយើងចាប់ផ្តើមអនុវត្តកម្មវិធីតាងពីចុងឆ្នាំ២០១៧ និងអនុវត្តពេញលេញនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែ អ្វីដែលយើងជោគជ័យក្នុងចំណោមសាលាចំនួន១០០ ដែលមកដល់ពេលនេះយើងសម្រេចបានសាលាស្តង់ដារ ប្រសិទ្ធភាពមានចំនួន៣៧ លើចំណុចដៅដែលយើងបានគ្រោងទុកតែ២០ទេ ហើយទិសដៅទៅមុខឆ្នាំ២០២១ ឆ្នាំ២០២២ ខាងមុខនេះ យើងគ្រោងសម្រេចឱ្យបាន ៧០សាលា។
ហើយក្តីរំពឹងលើសក្តានុពលពេលនេះ ការអនុវត្តរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជានាយក និងការគ្រប់គ្រងរបស់យើងទាំងអស់គ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិរបស់សាលា និងការចូលរួមរបស់មាតា បិតា សិស្ស បានធ្វើឱ្យសន្ទុះនៃការអនុវត្តកម្មវិធីគ្រប់គ្រងតាមសាលារៀន ជាពិសេសនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានដឹកដៃជួយគ្នាជាមួយគ្រូបង្គោល ដើម្បីអនុវត្តវិស័យអប់រំយើងនៅទូទាំងប្រទេសធ្វើការអនុវត្តុកម្មវិធីគ្រប់គ្រងនៅតាមសាលារៀននេះបានរីកចម្រើន»។
លោក ព្រីង មរកត បានឱ្យដឹងថា តាមរយៈការអនុវត្តបានយ៉ាងល្អរបស់សិស្សានុសិស្សា លោកគ្រូ អ្នកគ្រូ បានធ្វើឱ្យពួកបានធ្វើឱ្យគុណភាពចំណេះដឹងរបស់ពួគាត់ប្រែប្រួល និងបានធ្វើឱ្យពួកគាត់អាចរកប្រាក់ចំណូលបានច្រើនជាដើម។ បើទោះបីបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែជួបប្រទះវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្តី ប៉ុន្តែ នៅតែបង្កលក្ខណៈងាយស្រួលដល់សាលារៀន ដើម្បីបន្តកម្មវិធីរបស់ខ្លួន តាមអ្វ ីដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តផងដែរ។
លោ ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំឱ្យមានកម្មវិធីនេះឡើងក្រោមការចង្អល់បង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់អាណត្តិទី៦ នៃរដ្ឋសភា ដោយផ្តោតមុំសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់បំផុត ដូច្នេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេធិការក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធបានរៀបចំអនុវឌ្ឍកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀននេះឡើង ក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមលោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានក្រុមការងារនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន នៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា បានលើកឡើងថា «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន ក្រោយការសិក្សាផង អនុវត្តជាក់ស្តែងផង នូវបំណិនគ្រប់គ្រងតាមសាលារៀន រហូតធ្វើឱ្យនិស្សិតដែលជាគណៈគ្រប់គ្រងសាលារៀនចំនួន១០០ ទូទាំងប្រទេសកម្ពុជា ប្រែក្លាយរូបរាងថ្មីជាជំហានៗ ដែលក្នុងនោះ ការរៀន ការបង្រៀន និងការវាយតម្លៃការសិក្សាត្រូវបានកែទម្រង់ឱ្យមានលក្ខណៈជាប្រព័ន្ធផ្តោតលើលទ្ធផលសិក្សាជាក់ស្តែងជាចម្បង។ តាមរយៈការវាយតម្លៃការសិក្សា និងការបង្រៀនដ៏ច្បាស់លាស់មួយ កម្មវិធីនេះក៏បានធ្វើឱ្យសាលារៀនមធ្យមសិក្សាមានទំនាក់ទំនងល្អជាមួយសហគមន៍ ក្នុងពេលដែលសាលាចាប់ផ្តើមទទួលបានស្វ័យភាព និងមានគណនេយ្យភាពខ្ពស់ តាមរូបមន្តមួយដែលគេស្គាល់ថាជាប្រព័ន្ធបីអាបិទជិត»។
លោកបណ្ឌិត សុខ សូត្រ បានបន្ថែមថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន គឺជាគំនិតផ្តួចផ្តើមមួយរបស់លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រី, និងលោកបណ្ឌិតសភារចារ្យណាត ប៊ុនរឿន រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំផ្សេងទៀតនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានណែនាំដោយផ្ទាល់ពីលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ និងថ្នាក់នាំផ្សេងទៀត ផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនឱ្យដល់កម្រិតបរិញ្ញាបត្រគ្រប់គ្រង់អប់រំ ក្នុងទម្រង់ដ៏ប្រកបដោយនវានុវត្តមួយដែលផ្សាភ្ជាប់ទ្រឹស្តី ជាមួយនឹងការអនុវត្តជាក់ស្តែងនៅសាលារៀនផ្ទាល់ រហូតបានផលជាវិជ្ជមាន មកធ្វើជាទឡ្ហីករគោលនៃការសិក្សារបស់ពួកគេ។ មាននិស្សិតសរុបចំនួន៤៨១ នឹងទទួលការបណ្តុះបណ្តាលលើកកម្ពស់គុណវុឌ្ឍិ ដោយចែកចេញជាពីរជំនាន់។
លោកបណ្ឌិត បានឱ្យដឹងថា និស្សិតនៅជំនាន់ទី១ នេះមាននិស្សិត ១៦០នាក់ ដែលជាគណៈគ្រប់គ្រងមកពីសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន១០០ ដែលខិតខំសិក្សារហូតបញ្ចប់អស់នូវមុខវិជ្ចាសិក្សាក្នុងកម្មវិធីសិក្សាលម្អិត ហើយត្រូវការពាររបាយការណ៍បញ្ចប់ការសិក្សារបស់ខ្លួនមុនពេលទទួលបានបរិញ្ញាបត្រគ្រប់គ្រងអប់រំ ពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ។
លោកបណ្ឌិត សុខ សូត្រ បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បញ្ហា និងទំនោរអប់រំមានការប្រែប្រួលយ៉ាងលឿន ហើយក្នុងពេលអនាគតដ៏ខ្លីនេះស្ថានភាពអប់រំ និងសង្គមសេដ្ឋកិច្ចក៏ត្រូវការធនធានមនុស្សដែលមានគុណសមត្ថភាពកម្រិតខ្ពស់ទាំងផ្នែកការគិត និងផ្នែកឥរិយាបថក្នុងបំពេញការងារ និងការរស់នៅក្នុងសង្គម។ យ៉ាងហោចណាស់ សាលារៀនគប្បីអប់រំ និងបំប្លែងសិស្សឱ្យមានសមត្ថភាពរៀនសូត្រ និងសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញនានាដោយការចេះគិតវិភាគគ្រប់ជ្រុងជ្រោយ ការចេះបង្កើតថ្មី ការចេះប្រាស្រ័យទាក់ទងគ្នា និងការចេះសហការគ្នា។
លទ្ធផលសិក្សារបស់កម្មវិធីអប់រំក្រោយពីអ្នកសិក្សាបញ្ចប់ការបណ្តុះបណ្តាលក្នុងកម្មវិធីអប់រំនេះ អ្នកសិក្សានឹងមានគុណវុឌ្ឍកម្រិត
បរិញ្ញាបត្រដែលមានសមត្ថភាពដូចខាងក្រោម៖
* បង្ហាញនូវចំណេះដឹងទូលំទូលាយជាប្រព័ន្ធលើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងក្នុងវិស័យអប់រំ ដោយទូទៅ និងក្នុងសាលារៀនដោយជាក់លាក់ ដូចជា៖ កម្មវិធីសិក្សា ការរៀន និងបង្រៀន ការវាយតម្លៃការរៀនសូត្រ ការធ្វើផែនការសាលារៀន ការគ្រប់គ្រងសាលារៀន ការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើអធិការកិច្ច ការចូលរួមរបស់សហគមន៍។
* បង្ហាញនូវការយល់ដឹងផ្នែកការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយក្រមសីលធម៌អ្នកស្រាវជ្រាវ សម្រាប់ស្វែងរកចំណេះដឹងថ្មីៗ និងចូលរួមដោះស្រាយបញ្ហា ក្នុងការអប់រំកម្រិតសាលារៀន។
* រៀបចំធ្វើផែនការ គ្រប់គ្រង និងវាយតម្លៃសាលារៀនប្រកបដោយអភិបាលកិច្ចល្អ ដើម្បីឱ្យសាលារៀនអភិវឌ្ឍដោយនិរន្តរភាព។
* វាយតម្លៃព័ត៌មាន គំនិត និងភស្តុតាងថ្មីៗ ពីប្រភពផ្សេងៗគ្នា និងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្កើតសំណើសម្រាប់ដោះស្រាយបញ្ហានានាក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងសាលារៀនប្រកបដោយភាពជឿជាក់ដូចជា ការរៀនរបស់សិស្សការវាយតម្លៃការរៀន ការបង្រៀនរបស់គ្រូ ទំនាក់ទំនងជាមួយសហគមន៍ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ធនធានបុគ្គលិក និងបរិស្ថាន សាលារៀន។
* ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារទូគមនាគមន៍ក្នុងប្រមូល បកស្រាយ និងផ្សព្វផ្សាយព័ត៌មាន និងគំនិតផ្សេងៗ និងចំណេះដឹងថ្មីៗប្រកបដោយការទទួលខុសត្រូវឆ្ពោះទៅរកការលើកកម្ពស់ការរៀនសូត្ររបស់សិស្ស ការបង្រៀនរបស់គ្រូបង្រៀន និងការប្រាស្រ័យទាក់ទងជាភាតរជាមួយអាណាព្យាបាល សហគមន៍ និងភាគីពាក់ព័ន្ធនានា។
* យកចំណេះដឹង និងជំនាញអំពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអប់រំទៅអនុវត្តក្នុងការអភិវឌ្ឍ និងការកែលម្អសាលារៀនឱ្យសម្រេចគោលដៅនៃការអប់រំប្រកបដោយការទទួលខុសត្រូវ កិច្ចសហការក្នុងស្មារតីក្រុម ការគោរព និងឱ្យតម្លៃដល់ភាគីពាក់ព័ន្ធ។
* អភិវឌ្ឍឥរិយាបថបែបវិជ្ជមាននិងជំនឿជាក់ ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព និងបំណិនអាជីពនិងបំណិនជីវិតសម្រាប់បំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និងការរស់នៅជាមួយអ្នកដទៃដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម៕