(ព្រៃវែង)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រីគល់រាំង ដែលជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជា និងត្រីប្រភេទផ្សេងទៀត សរុបចំនួន៥,០០០ក្បាល ក្នុងនោះរួមមាន ត្រីគល់រាំង ចំនួន៥០០ក្បាល, ត្រីឆ្ពិន ចំនួន២,៥០០ក្បាល និងត្រីក្រហែ ចំនួន២,០០០ក្បាល ត្រូវបានលែងចូលទៅក្នុងស្រះបឹងធម្មជាតិ នៅមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នៅក្នុងឱកាសលែងត្រីដែលកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជា ទៅក្នុងស្រះទឹកធម្មជាតិប្រាសាទព្រៃដើម ស្ថិតក្នុងស្រុកស៊ីធរកណ្តាល លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ដែលបានផ្តួចផ្តើមគំនិតឲ្យមានការលែងត្រីខាងលើ បានឲ្យដឹងថា ការលែងត្រីកម្រ និងជិតផុតពូជទាំងអស់ចូលទៅក្នុងស្រះទឹកបឹងធម្មជាតិនាពេលនេះ គឺដើម្បីចូលរួមចំណែកអភិរក្ស និងបង្កបង្កើនពូជត្រី គល់រាំងដែលជា ត្រីកម្រ និងជិតផុតពូជហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជា សម្រាប់បម្រើជាប្រយោជន៍ដល់ប្រជាជន រស់នៅក្នុងមូលដ្ឋានខេត្តព្រៃវែង។
ក្នុងនាមជាតំណាងរាស្ត្រមួយរូប ដែលតែងតែបានបំផុសគំនិតប្រជាជន ឲ្យចេះចិញ្ចឹមសត្វ ត្រី និងដាំដុះបន្លែ ផ្លែឈើហូបផ្លែ ព្រមទាំងដើមឈើប្រណិតរបស់ខ្មែរ លោក ជាម ប៉េអា បានចាត់ទុកការបំផុសគំនិតនេះថា «ជាការធ្វើអំពើល្អ ដែលជាភារៈកិច្ចរបស់ខ្មែរយើងទាំងអស់គ្នា»។
ក្រៅលែងត្រីចូលស្រះបឹងធម្មជាតិ ដើម្បីចូលរួមចំណែកបង្ការ ការពារការរីករាលដាល ជំងឺកូវីដ-១៩ ជាសកល លោកតំណាងរាស្ត្រ បាននាំម៉ាសចំនួន១២,០០០បន្ទះ ប្រគេនព្រះសង្ឃ និងផ្តល់ជូនប្រជាជនរស់នៅឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងផងដែរ។
លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងប្រជាជនរស់នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវចូលរួមការពារអភិរក្ស ដើម្បីបង្កបង្កើនពូជត្រី កម្រ និងជិតផុតពូជ ដែលជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជា សម្រាប់ជាប្រយោជន៍ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគតទាំងអស់គ្នា។ ចំពោះបញ្ហាវិបត្តិជំងឺកូវីដ-១៩ ជាសកលវិញ លោកបានណែនាំឲ្យអាជ្ញាធរ និងប្រជាជនក្នុងមូលដ្ឋានទាំងអស់ ត្រូវអនុវត្តតាមក្បួនអនាម័យ ដែលត្រូវបានផ្សព្វផ្សាយអប់រំណែនាំ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនបំផុត។
គួរបញ្ជាក់ថា ត្រីគល់រាំងជាត្រីទឹកសាបដែលស្ថិតនៅ ក្នុងចំណោមត្រីមាឌយក្សជាច្រើនប្រភេទនោះដែរ ដែលរស់នៅក្នុងអាងទន្លេមេគង្គ។ ត្រីគល់រាំងមានឈ្មោះ វិទ្យាសាស្ត្រ (Catlocarpio siamensis) និងឈ្មោះ ជា ភាសា អង់គ្លេស Giant barb។ វាជាប្រភេទ ត្រីជិតផុតពូជ ហើយក៏ជាប្រភេទត្រីស្រកា ធំជាងគេនៅក្នុងពិភពលោកផងដែរ។
ត្រីគល់រាំង ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជ។ ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូប នៃប្រទេសកម្ពុជា តាមព្រះរាជក្រឹត្យ លេខ នស រកត /០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕