(ភ្នំពេញ)៖ ដំឡូងមី បានក្លាយជាដំណាំកសិកម្មសំខាន់ទីពីរបន្ទាប់ពីស្រូវនៅកម្ពុជា។ ដំឡូងមី មានចំណែកចន្លោះពី ៣ ទៅ៤ភាគរយនៃផលិតផលសរុបក្នុងស្រុក។ កម្ពុជារំពឹងថា នឹងធ្វើឱ្យផលិតផលដំឡូងមីកម្ពុជា ក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។
ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគជនជាតិសិង្ហបុរី បាននិងកំពុងដាំដុះដំឡូងមី និងកែច្នៃជាម្សៅនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។ ក្រុមហ៊ុនអភិវឌ្ឍន៍លើកសិកម្មមួយនេះ ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជិត ១ម៉ឺនហិកតា នៅតំបន់ជើងភ្នំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុន «HLH Agriculture» បានចាប់ផ្តើមឡើងដំបូងនៅកម្ពុជា នៅឆ្នាំ២០០៨ ជាមួយទន់វិនិយោគប្រមាណជា ៦០លានដុល្លារអាមេរិក។ លោក ឌីឡាង អ៊ុង នាយករប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុន ហុង ឡៃ ហួត ្រគុប លីមីធិត បានឱ្យដឹងថា នៅឆ្នាំអំឡុងឆ្នាំ២០០៨នោះ ពិភពលោកបានជួបវិបត្តិហិរញ្ញវត្ថុសកល ហើយបានបង្កផលប៉ះពាល់ជាខ្លាំងដល់អាជីវកម្មអចលនទ្រព្យរបស់ក្រុមហ៊ុន HLH។ ដូច្នេះហើយស្ថាបនិករបស់ក្រុមហ៊ុន លោក ចននី អ៊ុង ក៏បានសម្រេចថា ក្រុមហ៊ុនគួរតែចាប់ផ្តើមធ្វើអាជីវកម្មខ្លួន ដោយងាកទៅរកអាជីវកម្ម ដែលមានលក្ខណៈយូរអង្វែង និងមានចីរភាព ប្រឆាំងនឹងវិបត្តិដទៃទៀត ដែលក្រុមហ៊ុនអាចនឹងប្រឈមនាពេលអនាគត។ ព្រោះតែហេតុនេះហើយទើបអាជីវកម្មកសិកម្មរបស់ក្រុមហ៊ុនបានចាប់ផ្តើមឡើងនៅ។
នាយកប្រតិបត្តិវ័យក្មេងរបស់ក្រុមហ៊ុន «ហុង ឡៃ ហួត» ក៏បានបង្ហាញពីមូលហេតុនាំឱ្យក្រុមហ៊ុនចាប់យកការវិនិយោគវិស័យកសិកម្មនៅកម្ពុជាផងដែរ។ បើតាមលោក ឌីឡាង អ៊ុង ការចាប់យកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា ព្រោះតែកម្ពុជា ជាប្រទេសមួយមានប្រវត្តិវិស័យកសិកម្មចំណាស់នៅតំបន់អាស៊ី និងមានការគាំទ្រយ៉ាងរឹងមាំពីរាជរដ្ឋាភិបាលដល់អ្នកវិនិយោគ។
លោក ឌីឡាង អ៊ុង បានបញ្ជាក់ដូច្នេះ «ក្នុងចំណោមប្រទេសជាច្រើននៅតំបន់អាស៉ី ក្រុមហ៊ុនបានសម្រេចធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេសនៅអាស៊ី ដែលមានប្រវត្តិវិស័យកសិកម្មយ៉ាងចំណាស់ គឺរាប់រយឆ្នាំមកហើយ។ នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការស្វាគមន៍យ៉ាងរឹងមាំ ចំពោះបណ្តាវិនិយោគិនបរទេស ដែលមករៀបចំបង្កើតអាជីវកម្មកសិកម្ម និងរោងចក្រកែច្នៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលការណ៍ច្បាប់នៅកម្ពុជានាពេលនោះ បានជួយធ្វើឲ្យពួកយើងមានអារម្មណ៍ថា មានសុវត្ថិភាពជាខ្លាំង ដើម្បីចាប់ផ្តើមការវិនិយោគនៅកម្ពុជា»។
តំបន់ជើងភ្នំក្នុងស្រុកឱរ៉ាល់នេះ ពីដើមឡើយគ្រាន់តែជាតំបន់ដាច់ស្រយាល ផ្ទៃដីត្រូវបានទុកចោល តែបច្ចុប្បន្នបានប្រែក្លាយទៅចំការដំឡូងមីលាតសន្ធឹងដាច់កន្ទុយភ្នែក។ រយៈពេលជាង១២ឆ្នាំមកនេះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាងសកម្មលើអាជីវកម្មរបស់ខ្លួនលើការដាំដុះ និងការកែច្នៃម្សៅដំឡូងមី នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែមុននឹងទទួលផលល្អប្រសើរលើអាជីវកម្មផ្នែកកសិកម្មដូចពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានឆ្លងកាត់ និងពុះពារនូវឱបសគ្គជាច្រើន។
លោក ឌីឡាង អ៊ុង បានបង្ហាញពីឧបសគ្គ និងការលំបាករបស់ក្រុមហ៊ុន ដែលបានឆ្លងកាត់យ៉ាងដូច្នេះថា «ដំណាក់កាលដំបូងៗនៃការបង្កើតកសិដ្ឋាននៅកម្ពុជា ពិតជាមានភាពលំបាកខ្លាំងដោយសារការខ្វះខាតបណ្តាញអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធទឹកប្រើប្រាស់ ហើយបញ្ហាទាំងនេះបានផ្តល់នូវឧបសគ្គធំមួយ ដើម្បីឲ្យក្រុមហ៊ុនពុះពារឆ្លងកាត់ឧបសគ្គទាំងនេះ»។
តែដោយសារតែក្រុមហ៊ុនមានបទពិសោធន៍ខ្ពស់ និងមានហិរញ្ញវត្ថុរឹងមាំ។ ជាពិសេសឆន្ទៈនៃការវិនិយោគមុតស្រួចនោះ ធ្វើឱ្យក្រុមហ៊ុន «HLH Agriculture» ជម្នះបានរាល់ការលំបាក និងឧបសគ្គទាំងឡាយ ហើយឈានទទួលបានលទ្ធផលដ៏ល្អប្រសើរ។
បច្ចុប្បន្នក្រុមហ៊ុន «HLH Agriculture» បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការដាំដំឡូង និងកែច្នៃនាំទៅកាន់ទីផ្សារដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅលើផ្ទៃដ៏ល្វឹងល្វើយលាតសន្ធឹងតាមជើងភ្នំ ក្នុងតំបន់ដាច់ស្រយាលក្នុងស្រុកឱរ៉ាល់ ក្រុមហ៊ុនបានដាក់ផែនការដាំដំឡូងមីបណ្តាក់គ្នាពេញមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មកែច្នៃជាម្សៅមីនាំទៅកាន់ទីផ្សាររបស់ខ្លួន។
«ដើម្បីធានាឱ្យបានថា យើងអាចផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយនិរន្តរភាពពេញមួយឆ្នាំ យើងបានដាំដំឡូងមីដោយផ្ទាល់នៅក្នុងកសិដ្ឋាន ហើយជាធម្មតាយើងនឹងចាប់ផ្ដើមដាំនៅចុងខែមីនា ហើយនឹងត្រូវបញ្ចប់នៅចុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ តាមរយៈការបែងចែកវដ្ដនៃការដាំដុះ និងពេលវេលា យើងបានធានានូវការផ្គត់ផ្គង់វត្ថុធាតុដើម ប្រកបដោយនិរន្តរភាពពេញមួយឆ្នាំៗ ហើយយើងក៏អាចធានាបានដែរ ពីការត្រួតពិនិត្យគុណភាពលើវត្ថុធាតុដើម ពីព្រោះនៅពេលដាំដំឡូងមី ដោយក្រុមការងារយើងផ្ទាល់ និងក្រុមអ្នកម៉ៅការបន្ត គឺអនុវត្តតាមបទដ្ឋានស្ដង់ដារ កំណត់ដោយអ្នកត្រួតពិនិត្យគុណភាព របស់ក្រុមហ៊ុនលើវិធីសាស្រ្តដាំដុះ»។ នេះជាការបញ្ជាក់របស់លោក ឌីឡាង អ៊ុង។
ក្រៅតែពីជំរុញដល់ការដាំដុះហើយនោះ ក្រុមហ៊ុន «HLH Agriculture» ក៏បានបង្កើតរោងចក្រដើម្បីកែច្នៃដំឡូងមីជាម្សៅដោយផ្ទាល់សម្រាប់ការនាំចេញ។ រោងចក្រកែច្នៃដំឡូងមី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ហើយម្សៅដែលក្រុមហ៊ុនកែច្នៃ ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អថែមទៀងផង។
លោក ឌីឡាង អ៊ុង បានបញ្ជាក់ដូច្នេះ «សម្រាប់ការផលិតម្សៅ យើងកំពុងផលិតម្សៅសុទ្ធ ហើយយើងទទួលបានវិញ្ញាប័នបត្របញ្ជាក់ ដូចជា HACCP, ISO22000 និង HALAL ជាដើម។ បច្ចុប្បន្នយើងនាំចេញផលិតផលរបស់យើងប្រមាណ ៨០ភាគរយទៅកាន់ទីផ្សារអឺរ៉ុប ដូចជាប្រទេសអ៉ីតាលី បារាំង និងប្រទេសហូឡង់។ យើងក៏ទទួលបានការបញ្ជាទិញពីប្រទេសឥណ្ឌា ជាទីផ្សារដ៏សំខាន់មួយសម្រាប់យើងដែរ។ ចំណែកឯ ២០ភាគរយទៀត គឺផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់ទីផ្សារនានាក្នុងប្រទេសកម្ពុជា»។
ម្សៅដំឡូងមីដែលផលិតចេញរោងចក្រក្រុមហ៊ុន HLH កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងពីអតិថិជនរបស់ខ្លួននៅក្រៅប្រទេស។ កញ្ញា ឡុង តៃវ៉ា អ្នកគ្រប់គ្រងផ្នែករោងចក្រ ផលិតម្សៅមី HLH បានឱ្យដឹងថា ដំឡូងមីគេអាចយកទៅកែច្នៃជាចំណីអាហារ គ្រឿងសំអាង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ។
កញ្ញា ឡុង តៃវ៉ា បានឱ្យដឹងថា បច្ចុប្បន្នរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន HLH អាចផលិតម្សៅមី បានប្រមាណ ១២០តោនក្នុងមួយថ្ងៃ ហើយក្នុងមួយខែរោងចក្រផលិតម្សៅមីចន្លោះពី ១,៥០០ ទៅ ២,០០០តោន សម្រាប់ផ្គត់ផ្គង់អតិថិជនរបស់ខ្លួននៅក្រៅប្រទេស និងនៅក្នុងស្រុក។
ក្នុងកំឡុងពេលជំងឺកូវីដ១៩ កំពុងរីកតាតត្បាតនៅលើពិភពលោកនោះ បានធ្វើឱ្យអាជីវកម្មជាច្រើនជួបវិបត្តិ ហើយខ្លះទៀតត្រូវផ្អាកដំណើរការ។ តែសម្រាប់ក្រុមហ៊ុន HLH នៅតែបន្តដំណើរការល្អ ហើយទទួលបានការបញ្ជាទិញម្សៅដំឡូងមីកាន់តែច្រើនថែមទៀតផង។
កញ្ញា ឡុង តៃវ៉ា បានបញ្ជាក់ថា ពីមុនក្នុងមួយខែជាមធ្យមភាគ ក្រុមហ៊ុនលក់ចេញតែ ១,០៥០តោន ឥឡូវឡើងទៅដល់ ២ពាន់តោន ឬ៤ពាន់តោនក៏មាន។
«ទីផ្សារខ្ញុំគិតថា កាន់តែធំទៅហើយ ព្រោះអីខ្ញុំធ្វើនៅទីនេះ៥ឆ្នាំជាងហើយ ពីទីផ្សារតែក្រៅស្រុក មកដល់ក្នុងស្រុកក៏មានច្រើន ពីក្រៅស្រុកមានម៉ូយតិច ឥឡូវឡើងដល់ច្រើន ដល់ថ្នាក់យើងបើកពីរវេណ ព្រោះអីយើងធ្វើអត់ទាន់ឱ្យម៉ូយ។ អ៊ីចឹងគាត់ក៏ត្រៀមពង្រីករោងចក្រ បន្ថែមគ្រឿងចក្រក្នុងការផលិតម្សៅមី ហើយម៉ូយរបស់យើងរាល់ថ្ងៃហ្នឹងក៏មានច្រើន។ យើងធ្វើម្សៅមីមួយរយៈក្រោយដែលគេកូវីដច្រើន តែនៅក្នុងរោងចក្រនេះយើងអត់បិទទេ បញ្ជាទិញយើង គឺច្រើនមែនទែន»។ កញ្ញា ឡុង តៃវ៉ា បញ្ជាក់។
ការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ជាគោលនយោបាយមួយដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយតែងតែបានដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយកៀងគរអ្នកវិនិយោគបរទេសចូលមកកាន់កម្ពុជា។ ការវិនិយោគពីបរទេសក្រៅតែពីជួយផ្តល់ចំណូលតាមរយៈការបង់ពន្ធទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិហើយនោះ តែក៏បានចូលរួមចំណែកផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរផងដែរ។
ការវិនិយោគរបស់ក្រុមហ៊ុន «HLH Agriculture» នៅស្រុកឱរ៉ាល់ បានផ្តល់ការងារជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ក៏ដូចជាមកពីខេត្តដទៃទៀត រហូតដល់ជាង ៣០០នាក់ ដោយទទួលបានប្រាក់ឈ្នួលចន្លោះពី ២៥០ដុល្លារ ដល់ ៧០០ដុល្លារក្នុងមួយខែ។ អ្នកខ្លះធ្វើការផ្នែកដាំដំឡូង អ្នកខ្លះធ្វើការផ្នែកដកដំឡូង ខ្លះទៀតធ្វើការនៅក្នុងរោងចក្រ និងជាអ្នកបច្ចេកទេសផ្សេងៗ។
លោក សាយ សុភក្ត្រ អាយុ ៣៤ឆ្នាំ ជាអ្នកខេត្តបន្ទាយមានជ័យ បានមកធ្វើការក្នុងចំការដំឡូងបានជិត ២ឆ្នាំហើយ។ កម្មករផ្នែកដាំដំឡូងរូបនេះ បានឱ្យដឹងថា ការងារនៅក្នុងចំការដំឡូងមានជាប់ជាប្រចាំទាំងរដូវប្រាំង និងរដូវវស្សា ដោយសារក្រុមហ៊ុនបានដាំដំឡូងបណ្តាក់គ្នារហូត។
លោក សុភក្ត្រ បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន «HLH Agriculture» ជារឿងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងមានការងារធ្វើក្បែរផ្ទះមិនបាច់ចំណាកស្រុករកការងារឃ្លាតឆ្ងាយពីក្រុមគ្រួសារ។
លោក សុភក្ត្រ បានបញ្ជាក់ដូច្នេះ «ខ្ញុំគិតថា វាគ្រាន់បើ ព្រោះគាត់មានចំណូលរាល់ថ្ងៃ។ និយាយរួមការងារនេះ ជាការងារបន្ទាប់បន្សំក្រៅពីការធ្វើស្រែចំការរបស់ពួកគាត់។ អ៊ីចឹងបន្ទាប់ពីរដូវធ្វើស្រែចំការ គាត់អាចមកធ្វើទីនេះបន្ថែមទៀត អ៊ីចឹងជីវភាពរបស់គាត់ក៏ល្អប្រសើរដែរអត់ដូចពីមុន។ មានន័យថា គាត់មានប្រភពចំណូលមួយទៀត បន្ថែមពីលើការងារស្រែចំការ»។
លោក សុភក្ត្រ បន្តថា «ខ្ញុំគិតថា វាជារឿងល្អសម្រាប់ខ្ញុំ ក៏ដូចជាខាងបងប្អូនកម្មករនៅទីនេះដែរ។ ល្អត្រង់ថាយើងអាចផ្តល់ការងារឱ្យគាត់ បានធ្វើរាល់ថ្ងៃ បានចំណូលដល់គាត់ ហើយកម្មករនៅទីនេះ សុទ្ធតែអ្នកនៅជិតៗនេះ។ ដូច្នេះព្រឹកគាត់មកធ្វើការ ហើយល្ងាចត្រឡប់ទៅផ្ទះវិញជួបជុំសាច់ញាតិ។ អ៊ីចឹងគាត់មិនបាច់ធ្វើចំណាកស្រុកទៅឆ្ងាយ ទៅធ្វើរោងចក្រទេ គឺគាត់នៅជិតៗនេះ»។
ក្រុមហ៊ុន «HLH Agriculture» ក៏មានមហិច្ឆតា និងគោលដៅវែងឆ្ងាយលើការអភិវឌ្ឍផលិតកម្មដំឡូងមីផងដែរ។ លោក ឌីឡាង អ៊ុង នាយករប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុន «ហុង ឡៃ ហួត» បានឱ្យដឹងថា ទៅថ្ងៃមុខក្រុមហ៊ុននឹងបង្កើនផលិតកម្មចំណីអាហារ ដែលផលិតដោយផ្ទាល់ចេញពីម្សៅមី។
លោក ឌីឡាង អ៊ុង បានថ្លែងបញ្ជាក់ដូច្នេះ «ក្នុងរយៈពេលយូអង្វែង ក្រុមហ៊ុនមានបំណងបង្កើនសមត្ថភាពរបស់ខ្លួន មិនមែនត្រឹមតែផ្ដោតលើការកែច្នៃដំឡូងមី ទៅជាម្សៅមីតែមួយមុខនោះទេ។ ប៉ុន្តែក៏ផ្ដោតលើផលិតកម្មចំណីអាហារជាច្រើនទៀត ដែលផលិតដោយផ្ទាល់ចេញពីម្សៅមី និងគ្រឿងផ្សំចំណីអាហារដទៃទៀត ដែលកំពុងមានតម្រូវការខ្ពស់ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា»។
ដើម្បីសម្រេចមហិច្ឆតា និងចក្ខុវិស័យមួយនេះ ក្រុមហ៊ុនបានប្រកាសស្វាគមន៍ដល់អ្នកវិនិយោគ ដែលមានបំណងបង្កើតរោងចក្រកែច្នៃចំណីអាហារ ដើម្បីធ្វើការរួមគ្នាជាមួយក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនមានដីឡូធំ ត្រៀមរួចជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ។ អ្នកវិនិយោគដែលមានបំណងចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនសូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខ ០៧០ ៨២៨ ០០៤៕