(ពោធិ៍សាត់)៖ ពិតជាគួរឲ្យសោកស្តាយជាទីបំផុត ចំពោះដើមឈើមួយដើមដ៏ធំ មានទំហំជាង៤ឱប និងដើមឈើផ្សេងទៀត ត្រូវបានជនល្មើស ប្រើរណាយន្តកាត់រំលំ ដើម្បីត្រៀមអារយកឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ នៅតំបន់ការពារធនធានធម្មជាតិ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលជាជម្រកសត្វព្រៃដ៏មានតម្លៃ នៃមនុស្សជាតិ។
លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង បានបង្ហាញរូបភាពជាច្រើនសន្លឹក និងបានសរសេររៀបរាប់តាមហ្វេសប៊ុកថា «ខ្ញុំបានចូលទៅដល់តំបន់មានសត្វព្រៃរស់នៅច្រើន និងបានឮសត្វទោចយំ នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ខាងលើ។ សូមពលរដ្ឋយើង (មួយចំនួន) មេត្តាបញ្ឈប់ការកាប់ឈើ រានយកដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ដែលជាជម្រកសត្វព្រៃដ៏មានតំលៃនៃជាតិយើង»។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងដែរថា បច្ចុប្បន្ននេះគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកវាលវែង បាននឹងកំពុងចុះប្រតិបត្តិការ បង្ក្រាបយ៉ាងក្តៅគគុក ក្នុងឃុំទាំង៥រួមមាន៖ ឃុំប្រម៉ោយ ដឹកនាំដោយលោក ចេង ឡៃ ប្រធានអនុគណៈកម្មការ, ឃុំក្រពើពីរ ដឹកនាំដោយលោក អ៊ឹង គឹមលាង ប្រធានអនុគណៈកម្មការ, ឃុំអន្លង់រាប ដឹកនាំដោយលោក គិត សុផា ប្រធានអនុគណៈកម្មការ, ឃុំថ្មដា ដឹកនាំដោយលោក ខូយ រីដា ប្រធានអនុគណៈកម្មការ និងឃុំអូរសោម ដឹកនាំដោយលោក សាយ សុជាតិ ប្រធានអនុគណៈកម្មការ។
ចំពោះអនុគណៈកម្មការទាំងអស់មានតួនាទីភារកិច្ច៖
*ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
*ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ
*កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥
*អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ
*ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕