(កំពង់ធំ)៖ ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជិតចូលមកដល់ លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានលើកឡើងថា «ចាប់ផ្តើមចេញពីខ្លួនយើងទើបប្រទេសជាតិមានការរីកចម្រើន» ។
លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងការសិក្ខាសាលាស្តីពី «ការកំណត់ទិសដៅជីវិត និងការអភិវឌ្ឍខ្លួន» ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណេជិត៥០០ នាក់ ។
លោក យឹម លាត បានបន្ថែមថា អ្នកសិក្សាត្រូវគិតឱ្យច្បាស់ថា តើមករៀនដើម្បីធ្វើអ្វី? ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសនោះ ត្រូវបង្កើតនូវការសិក្សារៀនភាសាបរទេសបានច្រើន ដោយសិក្សាពេញមួយជីវិត ត្រូវចេះជួយខ្លួនឯងមុនឱ្យអ្នកដទៃជួយ ហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងរាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ ការអប់រំគឺឱ្យមានការផ្លាស់ប្ដូរ ពិនិត្យដោយមានការពង្រឹងសមត្ថភាព ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីល្អ ក្នុងការគ្រប់គ្រងប្រទេសជាតិ។
លោក យឹម លាត បានថ្លែងថា សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងបើកបរត្រូវមានការប្រុងប្រយ័ត្ន និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោកបានប្តទៀតថា សិក្សាត្រូវផ្ដោតសំខាន់លើ៤ចំណុចគឺ៖ សុ ចិ បុ លិ ដែល សុមានន័យថា ស្តាប់គ្រូពន្យល់រាល់ពុទ្ធិ, «ចិ» មានន័យថាគិតសម្មាធិរាល់សេចក្តី, «បុ» មានន័យថា សួរសំណួរឱ្យយល់ន័យ និង «លិ» មានន័យថាកត់ត្រាអ្វីៗដែលបានរៀនហើយការសិក្សាត្រូវផ្ដោតសំខាន់ដោយមានការសិក្សាស្រាវជ្រាវ ស្ដាប់លោកគ្រូអ្នកគ្រូហើយ ត្រូវយកបទពិសោធន៍ របស់រៀមច្បងមកធ្វើជាមូលដ្ឋានគ្រឹះ ហើយមិនត្រូវប្រើប្រាស់ឧបករណ៍ប្រព័ន្ធអេឡិចត្រូនិច ដោយខុសពេលវេលានោះទេត្រូវប្រើប្រាស់អ្វីៗឱ្យមានប្រយោជន៍ ដើម្បីយើងក្លាយជាធនធានមនុស្សមួយ សម្រាប់ជួយកសាងប្រទេសជាតិ។
លោក យឹម លាត បានបញ្ជាក់ថា ការអប់រំឱ្យមានការផ្លាស់ប្ដូរនេះ ជួយដើម្បីឱ្យកូនខ្មែរទាំងអស់ បានផ្ដល់នូវការយកចិត្តទុកដាក់និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវយន្តការជ្រើសរើស សម្រាប់កសាងមូលដ្ឋានគ្រឹះ នៃការផ្លាស់ប្ដូរតាមរយៈការគិតពិចារណាដើម្បីបង្កើតជំនឿចិត្ត ដល់នូវសេចក្តីសង្ឃឹមដែលជា ថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯងអ្នកដទៃគ្រួសារ និងសង្គមជាតិ ជាពិសេសគោរពតាមគោលការណ៍សន្តិវិជ្ជមាន ពង្រឹងការផ្សព្វផ្សារការបង្រួបបង្រួមជាតិ-អន្តរជាតិ ក្នុងគោលដៅជំរុញឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាមួយឆ្ពោះ ទៅរកការគេចឱ្យផុតពីអំពើហិង្សាការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំឧក្រិដ្ឋកម្ម និងប្រពលភាព ហើយសកម្មរូបភាពមួយចំនួនដ៏សំខាន់ គឺពិតជាសូចនាករមួយឈានទៅរកការសម្រេច នៃការផ្លាស់ប្ដូរសំរាប់បុគ្គលគ្រួសារ និងសង្គមជាតិ។
លោកបានគូសបញ្ជាក់ទៀតថា ដើម្បីឱ្យរៀនចប់នៅមហាវិទ្យាល័យ ព្រោះការសិក្សារៀនសូត្រ ត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលា ដើម្បីឱ្យក្លាយទៅជាមនុស្សល្អ កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន ព្រោះក្មេងៗជាទំពាំងស្នងឫស្សី។
ជាមួយគ្នាដែរ លោកគណៈអធិបតី បានប្រគល់ថវិកា និងសម្ភារៈមួយចំនួន ទៅដល់លោកគ្រូអ្នកគ្រូរួមទាំងសិស្សានុសិស្សដែលជាប់ជ័យលាភីពីលេខ ១ ដល់លេខ ៣ ចំនួន ១៨ នាក់ផងដែរ៕