(កំពង់ឆ្នាំង)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ កើតឡើងពីសណ្តានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចចៅហ្វាវាំង ទៅចែកជូនដល់បងប្អូនប្រជារាស្ត្រជាជនរងគ្រោះ ដោយសារការហូបទឹកអណ្តូងជីកដៃនៅវាលស្រែ ស្ថិតនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សកម្មភាពចែកអំណោយបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រួមដំណើរដោយលោក ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ក្រសួងព្រះបរមរាជវាំង ជាច្រើនរូបទៀត។ ប្រជាពលរដ្ឋបានពុលទឹកអណ្តូង ក្នុងពេលដែលពួកគាត់ទៅច្រូតស្រូវប្រវ៉ាស់ដៃគ្នាសរុប ១៥នាក់ ស្រី១០នាក់ បណ្តាលឲ្យស្លាប់ចំនួន ២នាក់ ភេទស្រី និង អ្នករងគ្រោះចំនួន ១៣ នាក់ ក្នុងនោះមានស្ត្រី និងក្មេងតូចចំនួន ៨ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដោយអការៈ ចុកពោះ និងក្អួត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គុយ សុផល បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ លោកបានជំរាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចចៅហ្វាវាំង គង់ សំអុល ដោយសម្តេចចៅហ្វាវាំង សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយដ៏ជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារនៃសពជនរងគ្រោះចំនួន២ រូប ព្រមទាំងបងប្អូនជនរងគ្រោះ កំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ចំនួន១៣ រូបទៀត ដែលជួបប្រទះនូវអកុសលបែបនេះ។ សម្តេចចៅហ្វាវាំង បានជូនពរជ័យ ដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យគ្រប់រូប សូមឆាប់បានជាសះស្បើយ ដើម្បីបានវិលត្រឡប់ទៅគេហដ្ឋាន និងបានប្រកបរបរចញ្ចឹមជីវិតជាបន្តទៅទៀត។
អំណោយ សម្តេចចៅហ្វាវាំង ដែលលោក គុយ សុផល បានចែកជូនដល់គ្រួសារបងប្អូនអ្នកស្លាប់ចំនួន ២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករចំនួន ១ បាវ ស្មើនឹង ៥០ គីឡូក្រាម ឃីតចំនួន ១កញ្ចប់ក្នុងនោះមាន មុង ១ ភួយ១ សារុង ១ ក្រមា ១ និង ថវិកាចំនួន ៥០ ម៉ឺនរៀល។ អំណោយ សម្តេចចៅហ្វាវាំង ចែកជូនសម្រាប់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងចំនួន ១២ នាក់ និង នៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំនួន ១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ១ បាវ ស្មើនឹង ៥០ គីឡូក្រាម ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ១ សារុង ១ ក្រមា ១ និង ថវិកាចំនួន ២០ ម៉ឺនរៀល។
មិនតែប៉ុណ្ណោះ សម្តេចចៅហ្វាវាំង បានឧបត្ថម្ភអំណោយជូនគ្រូពេទ្យ ចំនួន ២៥ នាក់ ដែលកំពុងថែទាំ អ្នកទទួលរងគ្រោះដោយការ ហូបទឹកអណ្តូង ក្នុងម្នាក់ៗ ទទួលបាន សារុង ១ និង ថវិកាចំនួន ២ ម៉ឺនរៀល និង គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានចំនួន ១៥០ នាក់ផ្សេងទៀតទទួលបាន សារុង ១ និង ថវិកាចំនួន ១ ម៉ឺនរៀល។
នេះជាសណ្តានចិត្តស្នេហាជាតិដ៏ប្រសើរថ្លៃថ្លាថ្មីមួយទៀតរបស់ សម្តេចចៅហ្វាវាំង ដែលតែងតែបានរួមសុខរួមទុក្ខ ក្នុងភាពខ្ពង់ខ្ពស់ និងស្និតស្នាលជានិច្ច ជាមួយនឹងទុក្ខលំបាក របស់បងប្អូនប្រជារាស្ត្រនៅ ក្នុងខេត្តកំពង់ឆ្នាំង។ ជាក់ស្តែងក្នុងពេលកន្លងទៅនេះ បងប្អូនប្រជារាស្ត្រមានជីវភាពក្រក្សត់ ទទួលរងគ្រោះដោយ ទឹកជំនន់ ខ្យល់ព្យុះ មានជំងឺដង្កាត់ផ្សេងៗ ប្រជារាស្ត្រទទួលរងគ្រោះដោយពុលសុរា គ្រោះថ្នាក់ដោយចរាចរណ៍ និងជួបឧបទ្ទេវហេតុផ្សេងៗទៀត តែងតែទទួលបាននូវវត្តមាន និងអំណោយដ៏សប្បុរសថ្លៃថ្លាពីសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជារាស្ត្រ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង បានយ៉ាងទាន់ពេលវេលា។
នៅក្នុងឱកាសនេះដែរ ក្រុមគ្រួសារនៃបងប្អូន ជនរងគ្រោះរហូតដល់ការស្លាប់បាត់បង់ជីវិត និងបងប្អូនរងគ្រោះដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ គ្រប់រូបសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅជូន សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ដែលបានបន្តការយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់បងប្អូននៅពេលនេះ និងសូមជូនពរជ័យសិរីមង្គល សូមសម្តេចចៅហ្វាវាំង បានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕