(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ ក្រោយពេលរកឃើញស្ត្រីម្នាក់មានជំងឺកូវីដ១៩ ដែលជាការឆ្លងក្នុងសហគមន៍លើកដំបូងនៅកម្ពុជា។
ក្នុងសារសំឡេងណែនាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ ក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការអធ្យាស្រ័យចំពោះការបិទផ្សារទំនើបអ៊ីអនទី១។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។
សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនៅតែដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាបធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងនឹងយល់ទៅដល់សភាពការណ៍នេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវឌ្ឍន៍នៃភាពការណ៍ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធរាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់។ ឥឡូវនេះបើទោះបីហេតុការណ៍នេះបានកើតនៅក្នុងខេត្តសៀមរាប ក៏ខ្ញុំកំពុងស្ថិតនៅសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើនការប្រុងប្រយ័ត្នប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធីដែលបានគ្រោងទុកសម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនឹងការកែលំអរដងស្ទឹងសៀមរាបផងនោះទេ»។
សម្តេចតេជោបន្ថែមថា «សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើការការពារខ្លួន ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ហើយនៅក្នុងផ្ទះ ដើម្បីងាយស្រួលឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យទៅលើបញ្ហាទាំងឡាយ ហើយអ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើឱ្យបានម៉ត់ចត់ចៀសវាងការសាយភាយទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈមិនទាន់ច្បាស់លាស់នេះ»៕