(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ដែលជាករណីរកឃើញការឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង គឺជាករណីបាត់ដាន ហើយសម្តេចបានព្រមានថា ព្រឹត្តិការណ៍នេះនឹងនាំមហន្តរាយដល់ប្រទេសជាតិ បើទប់ស្កាត់មិនទាន់ពេលវេលា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការថ្មីមួយទៀត គឺផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត បិទក្រសួង ឬស្ថាប័នក្រោមការគ្រប់គ្រងរបស់ក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះសហគមន៍ ២៨វិច្ឆិកា។ សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយអាចយកឈ្នះលើព្រឹត្តិការណ៍នេះផងដែរ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «រាជធានី និងខេត្ត មានសិទ្ធិបិទនូវទីតាំងណា ដែលសង្ស័យថាមានករណីឆ្លងនេះ ក្នុងរយៈពេលមួយ ដើម្បីបាញ់ថ្នាំ ហើយឲ្យបុគ្គលិកនៅទីនោះ យកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក»

សម្តេចបន្តថា «នេះគឺជាវិធានការដែលត្រូវប្រកាន់យកជាបន្ទាន់ សម្រាប់ឆ្លើយតបទៅនឹងករណីបាត់ដាន។ នេះខ្ញុំហៅថា ជាករណីបាត់ដាន។ ឥឡូវយើងអត់ដឹងថា ក្រុមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ ឆ្លងពីអ្នកណាទេ រកអត់ទាន់ឃើញក្បាលកន្ទុយ នៅកន្លែងណា។ នោះហើយជាការលំបាក ដែលយើងចាត់ទុកថា វាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សម្តេចបានកំណត់ពេលវេលា១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ សម្តេចតេជោ បានថ្លែងថា ដើម្បីឲ្យការប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗថា «មេរោគដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ជាប្រភេទមេរោគខ្លាំង ដែលត្រូវប្រើថ្នាំខ្លាំង»។ សម្តេចតេជោ បានថ្លែងទៀតថា ប្រតិបត្តិការរុករកជំងឺកូវីដ១៩ ត្រូវធ្វើក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំជាងពេលមុនៗទៅទៀត។

គួរជម្រាបដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

ទោះជាយ៉ាងនេះក្តី មានការផ្សព្វផ្សាយបំភ្លៃថា ការរកឃើញករណីឆ្លងក្នុងសហគមន៍នេះ គឺកើតចេញពី «ភរិយាអគ្គនាយកពន្ធនាគារ ទើបត្រឡប់មកពីសហរដ្ឋអាមេរិក» ហើយដើរពាសវាល ពាសកាល មិនធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ភ្លាមៗនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល គឺលោកស្រី ឱ វណ្ណឌីន បានលើកដៃអង្វរករដល់ពលរដ្ឋមេត្តាកុំរុញឲ្យខ្លោច រោចឲ្យឆៅ ហើយសំណូមពរទៅប្រជាពលរដ្ឋថា នេះជាពេលវេលាដែលខ្មែរត្រូវរួមគ្នា ស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងក្រសួង ដើម្បីទប់ស្កាត់ដ៏សាហាវនេះ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារទៅកាន់ប្រជាពលរដ្ឋថា ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអំពាវនាវអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប្រសើរជាការគិតថាខ្លួនមិនមានជំងឺនេះ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់។

ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៉ី និងលេខ៣នៅលើពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ នេះជាចំណាត់ថ្នាក់ផ្អែកតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ដែលបានបង្ហាញដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០៕