(ត្បូងឃ្មុំ)៖ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយរុះរើរបាំងព្រូលប្រមាណជាង៣០០ម៉ែត្រ កម្ទេចឧបករណ៍នេសាទខុសច្បាប់ និងឃាត់បានជនល្មើសនៅនឹងកន្លែងផងដែរ។

ក្នុងប្រតិបត្តិការនោះ មានការចូលរួមពីសំណាក់ប្រធានមន្ទីរកសិកម្ម អភិបាលស្រុកត្បូងឃ្មុំ អភិបាលរងស្រុកក្រូចឆ្មារ កម្លាំងស្នងការខេត្ត អធិការស្រុកត្បូងឃ្មុំ និងក្រូចឆ្មារ ៤០នាក់, កងរាជអាវុធហត្ថខេត្ត ២០នាក់, ព្រមទាំងកម្លាំងអធិការរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផល សរុបប្រមាណ៨០នាក់។

បើតាមរបាយការណ៍ចុះបង្ក្រាបជាលទ្ធផលក្នុងប្រតិបត្តិការនេះរួមមាន៖

ទី១៖ បានរុះរើរបាំងផ្ជិតដៃព្រែក ប្រវែង ៥០ម នៅចំណុចព្រែកចង្វារ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ។

ទី២៖ បានរុះរើរបាំងព្រួលចំណុចឈូងដៃព្រះខ្លា ប្រវែង ១០០ម៉ែត្រ ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ។

ទី៣៖ បានរុះរើរបាំងព្រួលចំណុចឈូងព្រៃខ្មារ ឃុំទួលស្នួលប្រវែង១,២០ម៉ែត្រ

ទី៤៖ បានរុះរើធ្នស់ដៃព្រែក (បាំងផ្ជិត) ប្រវែង ៣៥ម៉ែត្រ នៅចំណុចព្រែកស្រះអង្កាម ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។

ទី៥៖ បានមុជទឹកអារផ្ដាច់បង្គោលរបាំងធ្នស់ នៅព្រែកស្រះអង្កាម ដែលមានទ្រង់ទ្រាយធំ ហើយបានបញ្ចប់នៅវេលាម៉ោង៣៖៤៥នាទីរសៀល ដោយបានធ្វើកំណត់ហេតុ និងអប់រំណែនាំដល់ម្ចាស់របាំងធ្នស់ និងរបាំងព្រួល កុំឱ្យមានប្រព្រឹត្តជាបន្តទៀត។ករណីមានលើកទី២ ត្រូវទទួលខុសត្រូវចំពោះច្បាប់៕