(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការណែនាំដល់ដំណើរការរៀនសូត្រ របស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង នៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍២៨ វិច្ឆិកា និងដើម្បីបង្កលក្ខណៈឱ្យសិស្សថ្នាក់ទី១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដូចខាងក្រោម៖
១៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។
២៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅតាមតំបន់ ទីរួមខេត្ត និងទីប្រជុំជន
ក៖ ចំពោះទីកន្លែងដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្តការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ
ខ៖ ចំពោះទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង៕