(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតំបន់សំណងមិនរៀបរយ លើចំណីផ្លូវលេខ២០០ ម្ដុំរង្វង់មូលតោ២ ក្រុងព្រះសីហនុ រុះរើសំណងរបស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្ត ដើម្បីបន្ដធ្វើការស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍរបស់ខេត្ត។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា (ផ្លូវលេខ២០០) នេះទទួលបានជោគជ័យ រដ្ឋបាលខេត្តស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០) នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការស្ថាបនាផ្លូវទៅតាមផែនការអភិវឌ្ឍរបស់ខេត្ត»។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងស្ថាបនាវិថី៧មករា (ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។
ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖
*អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផលប្រយោជន៍សាធារណៈ
*លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ
*លុបបំបាត់ការយកទីតាំងសាធារណៈ មកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន
*លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈជាដើម៕