(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ នៅក្នុងប្រទេសកម្ពុជា រដ្ឋបាលព្រៃឈើ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសាធារណរដ្ឋកូរ៉េ តាមរយៈសេវាកម្មព្រៃឈើកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងការផ្តួចផ្តើម បង្កើតគម្រោងរួមគ្នាមួយ ដែលហៅថា «គម្រោងរេដបូកកូរ៉េ កម្ពុជា» ឬគម្រោងរេដបូកទំរីង ដែលធ្វើការអនុវត្ត នៅសហគមន៍ព្រៃឈើចំនួន១៤ ស្ថិតក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ គ្របដណ្តប់លើផ្ទៃដី ៦៧,៧៩១.១៧ ហិកតា។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គោលបំណង នៃការរៀបចំ គម្រោងនេះ គឺដើម្បីរួមចំណែកដល់ការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ ពីព្រៃឈើរយៈពេលវែង និងលើកស្ទួយជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើធនធានព្រៃឈើ។ គម្រោងបានទទួលស្គាល់ ដោយស្តង់ដារីកាបូនស្ម័គ្រចិត្ត Verified Carbon Standard (VCS) និងស្តង់ដារ អាកាសធាតុ សហគមន៍ និងជីវចម្រុះ Climate Community and Biodiversity Standard (CCBS)។
គម្រោងរេដបូកទំរីង បានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួន ៦៤៥,៤១០ តោនសមមូលឧស្ម័នកាបូនិច ក្នុងរយៈពេលផ្ទៀតផ្ទាត់ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៩។ ឥណទានទាំងនេះ នឹងដាក់លក់នៅលើ ទីផ្សារកាបូនស្ម័គ្រចិត្ត ហើយមូលនិធិដែលទទួលពីការលក់ឥណទាននេះ នឹងប្រើប្រាស់សម្រាប់ កិច្ចការគ្រប់គ្រងព្រៃឈើ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសមាជិកសហគមន៍ព្រៃឈើ នៅក្នុងតំបន់គម្រោង និងគាំទ្រដល់និរន្តភាពនៃការអនុវត្តគម្រោង។
លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានថ្លែងថា «នេះគឺជាគម្រោងដែលទទួលបានជោគជ័យ និងលេចធ្លោជាងគេបំផុត នៅក្នុងកម្មវិធីរេដបូក ព្រោះគម្រោងនេះ កើតឡើងដោយបណ្តុះសហគមន៍ព្រៃឈើចំនួន១៤ ដែលប្រជាសហគមន៍រួមសហការគ្នាអនុវត្ត សកម្មភាពការពារ និងគ្រប់គ្រងព្រៃឈើ ដើម្បីកាត់បន្ថយការបាត់បង់ និងការរេចរឹលព្រៃឈើខ្នាតតូច និងបានផលិត ឥណទានកាបូនសហគមន៍ព្រៃឈើ ហើយពួកគាត់នឹងទទួលផលប្រយោជន៍ ពីកិច្ចការងារគ្រប់គ្រងព្រៃឈើទាំងនេះ។
លោកថា ម្យ៉ាងទៀត ដោយមានការសហការយ៉ាងជិតស្និទ្ធ ជាមួយសេវាកម្មព្រៃឈើ កូរ៉េ និងការគាំទ្រផ្នែកបច្ចេកទេសពី Wildlife Works Carbon រដ្ឋបាលព្រៃឈើ នឹងពង្រីកគម្រោង ឥណទានកាបូន សហគមន៍ព្រៃឈើក្នុងទ្រង់ទ្រាយធំ ដោយបន្ថែម សកម្មភាពជាច្រើនទៀតរួមទាំងការដាំស្តារព្រៃឈើឡើងវិញ ដើម្បីជំរុញការ គ្រប់គ្រងព្រៃឈើឲ្យកាន់តែប្រសើរបន្ថែមទៀត។
លោកអគ្គនាយក នៃសេវាកម្មព្រៃឈើកូរ៉េ លោក Kiyeon Ko បានថ្លែងថា «យើងមានសេចក្តី សោមនស្សរីករាយ ដែលគម្រោងរេដបូកទំរីង បានទទួលជោគជ័យ ក្នុងការផលិតឥណទាន កាបូនសហគមន៍ព្រៃឈើ តាមរយៈកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំរវាងសេវាកម្មព្រៃឈើកូរ៉េ និងរដ្ឋបាលព្រៃឈើ។ ការផលិតឥណទាន កាបូន នេះបង្ហាញថា ព្រៃឈើនៅក្នុងតំបន់គម្រោង ត្រូវបានគ្រប់គ្រងនិងការពារបានយ៉ាងល្អ។
ម្យ៉ាងទៀត ការផលិតឥណទានកាបូន ក៏ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការរាតត្បាតជំងឺថ្មីៗ ដែលមានប្រភពមកពីសត្វព្រៃ (ឧទាហរណ៍ កូវីដ១៩)។
សេវាកម្មព្រៃឈើកូរ៉េ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលព្រៃឈើ និងអ្នកពាក់ព័ន្ធដែលគាំទ្រដល់ គម្រោងក្នុងការរួមចំណែក ដល់ការលើកកម្ពស់ ជីវភាពរបស់សមាជិកសហគមន៍ ក៏ដូចជាការពារ និងថែរក្សាជីវចម្រុះផងដែរ។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលព្រៃឈើ ដើម្បីទទួលបាន អត្ថប្រយោជន៍ជាអតិបរមា ដែលព្រៃឈើអាចផ្តល់ឲ្យ។ បច្ចុប្បន្ន គម្រោងកំពុងស្វែងរក អ្នកទិញឥណទានកាបូន តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត។
រដ្ឋបាលព្រៃឈើ សូមអំពាវនាវ ទៅដល់វិនិយោគិនជាតិ អន្តរជាតិ និងវិស័យឯកជន ចូលរួមទិញឥណទានកាបូន ដោយផ្ទាល់ពីគម្រោង រេដបូកទំរីង (Tumring REDD+) ដើម្បីទូទាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កន្លងមក ឬគ្រោងទូទាត់នាពេលអនាគត៕