(ភ្នំពេញ)៖ លោកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបបាន៥០ភាគរយ នៅឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសមហាអំណោច សម្រេចការធ្វើតេស្ត១០០ភាគរយ អាចបញ្ចេញដល់ប្រទេសដទៃ ពេលនោះទីផ្សាររបស់ប្រទេសនីមួយៗ នឹងធ្វើការបើកជំហរ និងវិស័យមួយចំនួននឹងដំណើរការឡើងវិញ។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «អនាគតវិស័យអចលនទ្រព្យ របស់ប្រទេសកម្ពុជា នៅឆ្នាំ២០២១»។
លោកស្រីបានបញ្ជាក់ថា ក្នុងស្ថានភាពពេលបច្ចុប្បន្ន គឺច្បាស់ណាស់ឃើញថា ប្រទេសនៅលើពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ ក៏ពិតមែន ហើយអ្នកមួយចំនួន ក៏បានគិតថា វិស័យអចលនទ្រព្យមានផលប៉ះពាល់ ប៉ុន្ដែស្ថានភាពជាក់ស្ដែង គឺថាគម្រោងក្នុងស្រុកខ្លះ ដូចជាគម្រោងផ្ទះវីឡារបស់បុរីមួយចំនួន កំពុងមានអ្នកតម្រង់ ជួរគ្នាដើម្បីទិញផងដែរ។ ស្ថានភាពទាំងនេះ គឺអាចនិយាយបានថា វិស័យអចលនទ្រព្យ គឺមិនមានជាផលប៉ះពាល់ទេ តែវាអាចប៉ះពាល់នៅក្រុមហ៊ុន ឬអ្នកវិនិយោគមួយចំនួន ដែលធ្វើការវិនិយោគពីក្រៅ ចូលមកក្នុងប្រទេសកម្ពុជាជាដើម។
លោកស្រីបានបញ្ជាក់ទៀតថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ចំពោះឆ្នាំ២០២១ ខាងមុខនេះ គឺលោកស្រីគិតថា ប្រសិនបើអាចទទួលបានដំណឹងល្អ ពីវ៉ាក់សាំងបាន១០០ភាគរយនោះ គឺសង្ឃឹមថា វិស័យអចលនទ្រព្យ នឹងអាចងើបបានយ៉ាងណាត្រឹម៥០ភាគរយមកវិញ ហើយពេលបន្តទៀត វានឹងអាចល្អប្រសើរពី៨០ ទៅ៩០ភាគរយត្រឡប់មកវិញបន្ថែមទៀត។
លោកស្រីក៏បានឲ្យដឹងផងដែរថា ទោះបីជាក្រុមហ៊ុនមួយចំនួន មានការប៉ះក៏ពិតមែន តែធនាគារសរុប នៅប្រទេសកម្ពុជាចំនួន ៣៨ធនាគារ ដូច្នេះធនាគារ គឺមានតួនាទីសម្រាប់ជួយ ព្រោះថា ពេលបច្ចុប្បន្ននេះ អ្នកដែលចង់ទិញអចលនទ្រព្យមិនថាគេ មិនថាយើងទេ គឺគេចង់យកកម្ចីពីធនាគារ ដើម្បីទិញ ដោយហេតុថាធ្វើបែបនេះ អាចឲ្យយើងទិញបានច្រើនកន្លែងបាន មិនចាំបាច់ត្រូវប្រើប្រាស់កញ្ចប់ថវិកាទាំងដុំសម្រាប់ការទិញនោះទេ។
បន្ថែមពីនោះទៀត លោកស្រី ហ្គ្រេស រចនីហ្វុង បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ គម្រោងធំៗនៅកម្ពុជា មិនបានផ្អាកដំណើរការសាងសង់នោះទេ ប៉ុន្តែវាជាបញ្ហាដល់អ្នកបញ្ជាទិញ ដូចជាខុនដូដែលមានតម្លៃខ្ពស់ គឺមានការប៉ះពាល់ព្រោះថា រាល់ការលក់នូវតម្លៃខ្ពស់ភាគច្រើន គឺលក់ឲ្យអ្នកវិនិយោគ ពីក្រៅប្រទេស។
លោកស្រីបានបញ្ជាក់ថា ហេតុដែលអំឡុងពេលនេះ មានផលប៉ះពាល់ដល់ការបញ្ជាទិញ ក្នុងតម្លៃខ្ពស់សម្រាប់ការចំណេញនោះ គឺវាទាក់ទងទៅនឹងការធ្វើដំណើរ មិនអាចចេញចូលពីក្រៅប្រទេស ដោយជើងហោះហើរ ពីបណ្ដាលប្រទេសមួយចំនួន មានការបិទ និងប្រទេសខ្លះ អ្នកវិនិយោគមិនហ៊ានធ្វើដំណើរមក ដូច្នេះធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញ ពីគម្រោងដែលមាននៅក្នុងទីផ្សារកម្ពុជា។
លោកស្រីបានបញ្ជាក់ទៀតថា ស្របពេលដែលការបញ្ជាទិញ ក្នុងតម្លៃខ្ពស់កំពុងមានការស្ងប់ស្ងាត់ក៏ពិតមែន តែសម្រាប់ការបញ្ជាទិញក្នុងតម្លៃមធ្យម ឬតម្លៃទាបមធ្យម គឺឃើញថានៅតែមានតម្រូវការ ជាពិសេសគម្រោងជាបុរី។
លោកស្រីបានបន្ថែមថា វិបត្តិ និងបញ្ហាប្រឈមមកលើវិស័យអចលនទ្រព្យគឺមាន ប៉ុន្តែវាមានក្នុងកម្រិតដែលយើងអាចគ្រប់គ្រង នូវផលប៉ះពាល់បាន ព្រោះថា ការបញ្ជាទិញភាគច្រើន នៅទីផ្សារកម្ពុជាក្នុងតម្លៃទាប មធ្យម នៅតែមាន តែសម្រាប់ការបញ្ជាទិញនូវតម្លៃខ្ពស់ វាអាចមានផលប៉ះពាល់ខ្លះចំពោះការបញ្ជាទិញ ជាពិសេសការបញ្ជាទិញពីក្រៅប្រទេស។
លោកស្រីក៏បានមើលឃើញ និងបានធ្វើការផ្ទាល់ ចំពោះអ្នកវិនិយោគ ជាជនជាតិហុងកុង និងជនជាតិសិង្ហបុរី ធ្វើការវិនិយោគសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ដូច្នេះពួកគាត់ធ្វើការបញ្ជាទិញសម្រាប់សាងសង់ជាបុរី ក្នុងនោះចាប់ពី១លាន២សែន ១លាន៥សែន ទៅ១លាន៨សែន នៅមានការបញ្ជាទិញ និងមានសកម្មភាព ប៉ុន្តែសម្រាប់តម្លៃចាប់ពី២លាន, ២០លាន, ទៅ៤០លាន មានការផ្អាកច្រើន ដោយកត្តាការធ្វើដំណើរតែម្ដង។
លោកស្រីបានប្រាប់ថា ពួកគាត់បានបញ្ជាក់ថា ពួកគាត់មិនបានឈប់ធ្វើការបញ្ជាទិញនោះទេ លុយរបស់ពួកគាត់ គឺនៅមានដដែល តែគ្រាន់នៅចាំការបើកដំណើរការ នៃការធ្វើដំណើរឡើងវិញ នោះពួកគាត់នឹងមកវិនិយោគ៕