(ឧត្តរមានជ័យ)៖ ក្រោយចុះមកដល់ទឹកដីកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងហោះហើរពិសេស ពីទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដែលមានចម្ងាយជាង ៥,០០០គីឡូម៉ែត្រ «ខាវ៉ាន់» (Kaavan) ជាដំរីដែលឯកោបំផុតលើពិភពលោក ត្រូវបានបញ្ជូនទៅដល់ទីជម្រកថ្មីហើយ ស្ថិតនៅភូមិសាស្ដ្រស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ដំរី ខាវ៉ាន់ នឹងលែងមានមានជីវិតឯកោទៀតហើយ គឺវានឹងរីករាយជាមួយជីវិតថ្មី ក្នុងដែនជម្រកសត្វព្រៃដ៏ធំមួយ ដែលមានសត្វដំរីញីចំនួន៣ក្បាល នៅនែបនិត្យក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
ពេលរង់ចាំស្វាគមន៍ទទួលដំរីឯកោពីប្រទេសប៉ាគីស្ថានមួយនេះ រួមមាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, តារាចម្រៀង ប៉ុប Cher ដែលជាអ្នកផ្តើមយុទ្ធនាការ ទាមទារសិទ្ធិសេរីភាពដល់សត្វដំរីនេះ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការប្រោះព្រំតាមពិធីសាសនា ដើម្បីស្វាគមន៍ និងប្រសិទ្ធពរជ័យជូនដំរី ខាវ៉ាន់ មកកាន់ទឹកដីប្រទេសកម្ពុជា។
វត្តមានដំរី ខាវ៉ាន់នេះ បានទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើននាក់។
បើតាមលោក នេត្រ ភក្ត្រា ក្រុមការងារបានដឹកដំរី ខាវ៉ាន់ មកដល់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ នាវេលាម៉ោងប្រមាណ៧៖៣០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្លាមៗមកដល់ទីជម្រកថ្មីក្រុមការងារ បានលែងខាវ៉ាន់ ឱ្យស្នាក់នៅទីជម្រកថ្មីផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វដំរីអាស៊ីឈ្មោះ ខាវ៉ាន់ នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ចៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ ជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា
លោកថា ក្រោយលែង ខាវ៉ាន់ រយៈពេល២៤ម៉ោងមក ខាវ៉ាន់ មានសុខភាពល្អ ដោយចាប់ផ្តើមផ្សាំជាមួយបរិស្ថាន ព្រមទាំងបរិយាកាសនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពរបស់កម្ពុជា។ ហើយនៅជុំវិញទ្រូងរបស់ ខាវ៉ាន់ គឺមានដំរីញីចំនួន៣ក្បាល។ ជាមួយគ្នានេះដែរ ខាវ៉ាន់ គឺមានការសម្របខ្លួនលឿនជាមួយដំរីញី ២ក្បាល ដែលនៅទ្រូងជាប់គ្នា ដែលបង្ហាញពីអារម្មណ៍រីករាយ ក្រោយពេលឃើញសត្វដំរីផ្សេងទៀត នៅក្បែរខ្លួនក្រោយឯកោជាច្រើនឆ្នាំ។
លោក នេត្រ ភក្ត្រា បានបន្តថា លោកនាមជាមន្ត្រីបរិស្ថាន ក៏ដូចជាប្រជាជននានាលើពិភពលោក បានឃើញសត្វដំរី ខាវ៉ាន់ មានសុខភាពល្អ ទោះបីចំណាយពេលវេលាជិះយន្តហោះ ពីប្រទេសប៉ាគីស្ថានមកកម្ពុជា មានចម្ងាយប្រមាណ ៥០០០គីឡូម៉ែត្រ ដែលប្រើពេលជិត១០ម៉ោងក៏ដោយ។
ដំរីញី ៣ក្បាល ដែលនឹងក្លាយជាដៃគូរបស់ដំរីឈ្មោលខាវ៉ាន់ រួមមានទី១៖ ដំរីឈ្មោះ អារុណរះ (Arun Reah) អាយុ៦០ឆ្នាំ, ទី២៖ ដំរីឈ្មោះ ស្រីផ្លក់ (Di Poh) អាយុ៣៦ឆ្នាំ និងទី៣៖ ដំរីឈ្មោះ ស្រីអៀន (Sarai Mia) អាយុ២៧ឆ្នាំ។ ដំរីទាំងនេះ ត្រូវបានទិញមកពីតំបន់ភូមិភាគឦសាន ខេត្តមណ្ឌលគិរី និងសុទ្ធតែមិនទាន់មានកូនពីមុនមក។
ប្រទេសស្រីលង្កា បានជូនដំរីមួយនេះ ដល់ប្រទេសប៉ាគីស្ថាន ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា។ ខាវ៉ាន ត្រូវបាននាំមកប៉ាគីស្ថាន ដែលពេលនោះមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ ដំរីខាវ៉ាន បានចំណាយជីវិតក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុព័ទ្ធដោយរបងក្នុងសួនសត្វដែលមានឈ្មោះថា Islamabad ZOO ដោយជើងដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឱ្យសម្តែងទទួលភ្ញៀវ។
ពិភពលោកបានអាណិត ខាវ៉ាន់ កាន់តែខ្លាំង គឺនៅឆ្នាំ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយបានងាប់ក្រោយទទួលរង នៃការឆ្លងមេរោគពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើង។ ក្រោយមរណភាពរបស់ Saheli ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថា ដំរីដែលឯកោបំផុតក្នុងលោក។
កាលពី ៤ឆ្នាំមុន អ្នកចំរៀងប៉ុបអាមេរិក ឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign)។ យុទ្ធនាការនេះ ត្រូវបានចុះហត្ថលេខាដោយមនុស្សចំនួន ២០០,០០០នាក់។ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឱ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦មក។
គួររម្លឹកថា យុទ្ធនាការទាមទារសិទ្ធិសេរីភាព តាមប្រព័ន្ធអ៊ិនធឺណិតរបស់ដំរី ខាវ៉ាន់ ចាប់ផ្តើមពីឆ្នាំ២០១៦ ដោយអ្នកចម្រៀង ប៉ុបអាមេរិក Cher។ នៅថ្ងៃទី១៧ ខែកក្កដា តុលាការកំពូលប៉ាគីស្ថាន បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី ខាវ៉ាន់។ វានឹងត្រូវរស់នៅជាមួយដំរីញី ៣ក្បាលទៀត ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្រោយមានការសម្របសម្រួលពីអង្គការ ដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕