(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឌីប្លូម) សម្រាប់ថ្នាក់ទី៩ រយៈពេលពីរថ្ងៃទី ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានបិទបញ្ចប់ដោយជោគជ័យនៅទូទាំងប្រទេស។
លោក រស់ សុវាចា បានអះអាងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា បានចុះពិនិត្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមការចាំបាច់ដើម្បីធានាគុណភាពប្រឡងជាប់ជាប្រចាំ រយៈពេល២ថ្ងៃមកនេះ ដោយជាលទ្ធផលបង្ហាញថា បានបញ្ចប់ទៅដោយរលូន តាមការគ្រោងទុកនៅទូទាំង២៥ខេត្ត-រាជធានី។
បើតាមអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា យល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់ ប៉ុន្ដែមានបេក្ខជនអវត្តមានមួយចំនួនតូច ដោយមូលហេតុបុគ្គល ហើយគ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ។
សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕