(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយយុវតី «អប្សរា២៥ដួង» ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន អបអរទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២០ សរុបក្រុមការងារមានចំនួន២៤នាក់ ចុះជួយបំពេញបែបបទ និងប្រវត្តិរូបជូនជនមានពិការភាពភ្នែក និងកាយសម្បទាជិត២០០នាក់ នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឱ្យពួកគាត់ទទួល បានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។
សកម្មភាពទាំងនោះរួមមាន៖ ការសម្រួលការចល័តទីរបស់ជនពិការដោយការដឹកដៃនាំផ្លូវ ការសាកសួរព័ត៌មាន ការចម្លងអត្តសញ្ញាណប័ណ្ណ ការជួយបិទរូបថត ការជួយសរសេរប្រវត្តិរូប ការជួយផ្តិតមេដៃ និងការជួយបាញ់អាល់កុលលាងសម្អាតដៃជូនដល់ពួកគាត់ដើម្បីបង្ការការរីករាលដាលនៃការចម្លងមេរោគកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា សកម្មភាពនេះប្រព្រឹត្តឡើងដើម្បីជួយដល់ជនមានពិការភាព នៅសមាគមតន្ត្រីសំនៀងជនពិការដែលមាន លោក ចាប តូ (ជនមានពិការភាពភ្នែក) ជាប្រធាន និងលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ជាប្រធានកិត្តិយស ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ៕