(បន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នាបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងរបួសធ្ងន់២នាក់ នៅស្រុកភ្នំស្រុក និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
*ករណីទី១ នៅស្រុកភ្នំស្រុក បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ករណីនៅវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍១បង្កដោយខ្លួនឯង នៅចំណុចស្ពានទី៣ ស្ថិតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ យុវជន២នាក់ ទី១៖ មានឈ្មោះអើយ គ្រីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក រងរបួសធ្ងន់ជាអ្នកបើកម៉ូតូម៉ាកអ៊ិចស៊ីទ័រ Exceter ពណ៌ខ្មៅគ្មានស្លាកលេខ ចំណែកអ្នករួមដំណើរមានឈ្មោះសែ ហេត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាស្លាប់នៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក យ៉ត សុផល បានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិៈម៉ូតូក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលស្ពានបណ្តាលឱ្យស្លាប់ម្នាក់អ្នករួមដំណើរ ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ក្រោយពីកើតហេតុ ហើយត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកភ្នំស្រុក ចំណែកសពត្រូវបងប្អូនយកទៅចាត់ចែងធ្វើបុណ្យតាមប្រណៃ។
*ករណីទី២ តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឱ្យដឹងថា នៅវេលាម៉ោង១១៖៣៥នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលភ្លើងលេខ ១៦១-១៦២ ត្រង់ចំណុចភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងម៉ូតូ បុកនិង រថយន្តធ្វើផ្លូវបណ្តាលឱ្យស្លាប់១នាក់។
លោកបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ យិម វៃ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង1X-6764 ក្នុងល្បឿនលឿនធ្វើដំណើរពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ទៅបុក និងរថយន្ត ១គ្រឿង ម៉ាក HOWO ពណ៌ ក្រហម ពាក់ស្លាកលេខ AT20.3-0803 ពីក្រោយធើ្វដំណើរស្របទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើករថយន្តមិនស្គាល់អត់សញ្ញាណ ក្រោយបើករថយន្តទៅទុកនៅការដ្ឋានគេចខ្លួនបាត់។
ម៉ូតូ និងរថយន្តនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕