(ភ្នំពេញ)៖ ទីបំផុត! នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

ការជួយសង្គ្រោះនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីនារីរងគ្រោះខាងលើ អំពាវនាវសុំការអន្តរាគមន៍យ៉ាងទទួច ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នាររីរងគ្រោះ បានបង្ហោះសារលើ Facebook ឲ្យដឹងថា នាងមានអាយុ ២០ឆ្នាំ មកពីភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅ ស្រុកស្នួល ខេត្តក្រចេះ ហើយនាងអះអាងទៀតថា នៅប្រទេសចិន គ្រួសារខាងប្តីធ្វើបាបនាង និងឃុំនាងមិនឲ្យចេញក្រៅ ដើម្បីមានសេរីភាពជួបគ្រួសានៅខ្មែរឡើយ។

បើតាមលោក កុយ គួង, បន្ទាប់ពីមានការអំពាវនាវពីនារីរងគ្រោះខាងលើ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានឲ្យស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង ជួយអន្តរាគមន៍។ ស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង បានសហការជាមួយនគរបាលចិន ជួយសង្គ្រោះនាងបានទាន់ពេលវេលា ដោយឥឡូវនេះកំពុងតម្រូវឲ្យនាងរង់ចាំ ធ្វើមាតុភូមិនិវត្តន៍វិញ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន បានសហការជាមួយនគរបាលចិនជួយសង្គ្រោះគាត់នៅក្នុងខេត្តហឺណាន ក្បែរទីក្រុងប៉េកាំង។ ឥឡូវគាត់ស្នាក់នៅស្ថានីយ៍នគរបាល រង់ចាំត្រឡប់មកកម្ពុជាវិញ»

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេ ដែលរាជរដ្ឋាភិបាល បានជួយសង្គ្រោះស្ត្រីជនជាតិខ្មែរ ដែលចាញ់បោកមេខ្យល់ តាមរយៈអាពាហ៍ពិពាហ៍ជាមួយបុរសបរទេស ព្រោះមានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកាចសាហាវ យកពួកគាត់ទៅប្រើប្រាស់ដូចសត្វធាតុក៏មាន។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ធ្លាប់បានអំពាវនាវដល់ស្ត្រីខ្មែរគ្រប់រូប ពិចារណាក្នុងការយកប្តីបរទេស ដើម្បីចៀសវាងការចាញ់បោកគេ៕