(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសជូនសាធារណជនឲ្យបានជ្រាបថា ការមិនគោរពវិធានការការពារជំងឺកូវីដ១៩ ទាំងអ្នកលក់ និងអ្នកទិញនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ជាមូលហេតុនាំឲ្យមានការចម្លងខ្លាំង។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើង បន្ទាប់ពីវីដេអូមួយបង្ហាញថានៅក្នុងហាង Pedro សាខាព្រះសីហនុដែលជាទីតាំងចម្លងជំងឺកូវីដ១៩ ច្រើនជាងគេនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ ទាំងអ្នកលក់និងអ្នកទិញ សុទ្ធតែមិនបានពាក់ម៉ាស និងមិនបានរក្សាគម្លាតសង្គមឡើយ ពោលគឺពួកគេល្មើសនឹងវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាការបាត់បង់នូវការគោរពវិធានការការពារជំងឺ COVID-19 ទាំងអ្នកលក់ និងអ្នកទិញមិនបានពាក់ម៉ាសគ្រប់គ្នា ឲ្យបានត្រឹមត្រូវ ហើយព្រមទាំងមិនបានរក្សាគម្លាតបុគ្គលដែលនាំឲ្យមានការចម្លងនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ដែលមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន២នាក់ បានចូលនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពីម៉ោង ១៨៖៥០ ដល់ម៉ោង ២០៖០២»

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោករដ្ឋមន្ត្រីសូមអំពាវនាវបងប្អូនដែលចូលទៅកន្លែងនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងការពារការចម្លងទៅអ្នកដទៃផង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបទាំងអស់ បានចំនួន ១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់។ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕