(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកពន្យល់ជាថ្មីម្ដងទៀតថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត។
លោកស្រី ឱ វណ្ឌឌីន បានអះអាងថា ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន។ លោកស្រីថា ការឆ្លងនេះតាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់យ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»។
លោកស្រី ឱ វណ្ឌឌីន បានគូសបញ្ជាក់ថា អ្វីដែលរិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩នេះ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតា មានប្រហែលជា១៧ថ្ងៃ នេះបើតាមការបញ្ជាក់របស់ អ្នកសិក្សាវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ដូច្នេះបានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជា តេលេកម្ម៉ង់ ទូរស័ព្ទអ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ មានសារៈសំខាន់ ពោលក្រោយកាន់ភ្លាម លាងភ្លែតឲ្យបានញឹកញាប់ជាការចាំបាច់បំផុតក្នុងពេលនេះ។
លោកស្រីបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំទាំងយប់ទាំងថ្ងៃមិនបានសម្រាក ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វីរុសកូវីដ-១៩ ប៉ុន្ដែអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ លើការអនុវត្តតាមការណែនាំ និងវិធានការសុខាភិបាល ដែលបានដាក់ចេញរួចហើយនោះ។
គួរជម្រាបថា នៅព្រឹកមិញនេះ ក្រសួងសុខាភិបាល ក៏បានបញ្ចេញវីដេអូចំនួន៥ឃ្លឹប បង្ហាញពីការការចម្លងវីរុសកូវីដ-១៩ និងដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ហើយការពារបានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នានៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។
សូមរំលឹកថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០,៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ម្យ៉ាងវិញទៀត សូមអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលេកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕