(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់អ្នកដែលធ្លាប់ចេញចូលហាង «Carl's Jr Burger» សាខាទួលទំពូង ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវបំផុត។
លោកស្រី ឱ វណ្ឌឌីន បានសង្កត់ធ្ងន់ថា អ្នកដែលដឹងខ្លួនថាធ្លាប់ចេញចូលហាងនេះ ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាច់ខាតមិនត្រូវដើររហេតរហូតនោះទេ ហើយអំឡុងពេលនេះ ក៏ត្រូវតាមដានសុខភាពរបស់ខ្លួនឲ្យជាប់ជាប្រចាំផងដែរ ប្រសិនបើមានអាការៈប្រែប្រួល សុំទូរស័ព្ទទៅលេខ ១១៥ជាបន្ទាន់។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «បើគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់ និងប្រយោល ក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះសុំលោកអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ឲ្យបានត្រឹមត្រូវជាទីបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាក ដាច់ខាតកុំចេញដើររហេតរហូតឲ្យសោះ ហើយតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានអាការៈប្រែប្រួលសុំហៅទៅលេខ១១៥»។
គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។
អ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ម្យ៉ាងវិញទៀត សូមអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលេកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕