(ពោធិ៍សាត់)៖ ក្របីរបស់ប្រជាពលរដ្ឋចំនួន២ក្បាល ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចយកទៅព្រលះយកសាច់ ដោយមួយក្បាលបាត់ភ្លៅ២ និងមួយក្បាលទៀតបាត់ភ្លៅ១ តែត្រូវប្រជាពលរដ្ឋតាមទាន់ ក៏រត់បាតជើងសព្រាត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១៖០០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអូរស្ដា ស្ថិតនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីកងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកក្រគរ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីចោរកម្មលួចវះភ្លៅក្របីយកសាច់ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ម្ចាស់ក្របីដែលត្រូវចោរលួចនេះ មានឈ្មោះ ឯល វី អាយុ ២៥ឆ្នាំ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ។
លោក ឯល វី បានឱ្យដឹងថា ក្រោយពីបាត់ក្របីរូបលោក បាននាំអ្នកភូមិតាមរកឃើញទាំង ២ក្បាល នៅចំណុចវាលស្បូវភូមិខាងលើ។ តែក្របីមេបាត់ភ្លៅក្រោយទាំង២ និងអាឈ្មោលបាត់ភ្លៅក្រោយ ១ចំហៀង។
បើទោះបីជនសង្ស័យរត់គេចខ្លួនបាត់ តែពួកគេបានជ្រុះទូរស័ព្ទម៉ាក OPPO មួយគ្រឿង ពណ៌ខៀវ ដោយមានប្រលាក់ឈាមក្របីផង។
បើតាមម្ចាស់ក្របី បានឲ្យដឹងថា មិនមែនមានតែក្របី២ក្បាលខាងលើទេ ដែលត្រូវចោរលួចនោះ នៅមានក្របីជាច្រើនទៀតសរុបចំនួន ១១ក្បាល ដែលគាត់យកទៅមើលនៅចំការ នាចំណុចកើតហេតុខាងលើ ក៏ត្រូវបានចោរលួចផងដែរ។ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងបើកការស្រាវជ្រាវវែកមុខជនសង្ស័យ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕