(ក្រចេះ)៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ពន្ធ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផល នៅតំបន់បឹងព្រែកជាប់ព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
សកម្មភាពខាងលើបានធ្វើឡើងនៅថ្ងៃ៦ ខែធ្នូ ឆ្នាំ២០២០ ត្រង់កន្លែងចំណុចបឹងពុតស្រី និងបឹងក្លោះ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និងបឹងយាយស ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ម៉ុក ពន្លក បានឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះ បានដកហូត និងបំផ្លាញចោលរបាំងស្បៃមុងចំនួន ២៥ខ្សែ ប្រវែង ១,២៥០ម៉ែត្រ, លូស្បៃមុងចំនួន ២៥មាត់លូ, របាំងសាច់អួនក្រលាញឹកចំនួន ១៣ខ្សែ, លបសាច់អួនក្រឡាញឹក (សាច់ប៉ាក់) ចំនួន ១៣គ្រឿង, របាំងលប ណា រ៉ាវ ចំនួន៣ខ្សែ, លបរ៉ាវ ចំនួន៦គ្រឿង, បង្គោលចម្រឹងឬស្សីប្រមាណ ៤៥៦ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៥០គីឡូក្រាមផងដែរ។
នាយខណ្ឌរូបនោះ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ជួយរក្សាធនធានជលផល ដើម្បីបន្តពូជសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងដើម្បីកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ នូវប្រភេទត្រីទឹកសាបនេះ។ លោកបានធ្វើការអំពាវនាវ ឲ្យប្រជានេសាទធ្វើយ៉ាងណា កុំធ្វើនេសាទខុសច្បាប់ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម៕