(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានចាត់ឲ្យលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តចុះត្រួតពិនិត្យជាក់ស្ដែង លើទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេ ដែលត្រូវប្រែក្លាយជាភោជនីយដ្ឋាន ចំនួន១៣កន្លែង។
ប៉ុន្តែទីតាំងខ្លះបានផ្អាកអាជីវកម្ម និងខ្លះទៀតបានធ្វើកិច្ចសន្យា និងកំណត់ហេតុឲ្យបើកដំណើរការជាធម្មតា តែត្រូវរក្សាគម្លាតសុវត្ថិភាពរបស់អតិថិជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល នៃការអនុវត្តឲ្យមានប្រសិទ្ធភាពតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យុទ្ធនាការរបស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការបន្តចុះត្រួតពិនិត្យជាក់ស្ដែង លើទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេ ដែលត្រូវប្រែក្លាយជាភោជនីយដ្ឋាន ចំនួន១៣កន្លែង ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ១៩នេះ បានអនុវត្តឡើង៤សង្កាត់ ក្នុងចំណោមសង្កាត់៧ នៃខណ្ឌឫស្សីកែវ មានសង្កាត់ទួលសង្កែទី១, សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់លោក ជា ពិសី នៃការបន្តចុះត្រួតពិនិត្យជាក់ស្ដែងនេះដែរ ជាលទ្ធផលគឺទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេ ដែលត្រូវប្រែក្លាយជាភោជនីយដ្ឋាន មួយចំនួនបានបិទផ្អាកអជីវកម្ម និងមួយចំនួនទៀតបានបើកដំណើរការជាធម្មតា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ។ ដោយឡែកទីតាំងអតីតខារ៉ាអូខេ អាត់ ជួង ដែលត្រូវប្រែក្លាយជាភោជនីយដ្ឋាន ក្រុមការងាររដ្ឋបាលខណ្ឌ បានចុះធ្វើកំណត់ហេតុជាលើកទី២ហើយ អំពីបញ្ហាការរក្សាគម្លាតសុវត្ថិភាពរបស់អតិថិជន និងបានអប់រំណែនាំដល់ អាហារដ្ឋាន (ត្បាល់កូនកាត់) ផងដែរ។
បន្ថែមពីនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ បានណែនាំដោយធ្វើកិច្ចសន្យាម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេ ដែលត្រូវប្រែក្លាយជាភោជនីយដ្ឋាន ត្រូវតែអនុវត្តបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ១៩ និងចូលរួមបញ្ចប់អោយបាននូវ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕